(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការសម្រេចចិត្តរបស់ព្រឹទ្ធសភា ឱ្យលោក ដូណាល់ ត្រាំ រួចខ្លួនពីការចោទប្រកាន់ និងការកាត់ទោស ពីបទញុះញង់ឱ្យមានការវាយប្រហារលើវិមានសភា គឺបានបង្ហាញពីភាពផុយស្រួយ នៃលទ្ធប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។
ការលើកឡើងខាងលើរបស់លោក ចូ បៃដិន ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បរាជ័យក្នុងការប្រមូលឱ្យបាននូវសំឡេង ២ ភាគ៣ ដើម្បីចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទញុះញង់ឱ្យក្រុមកុបករគាំទ្ររូបលោក វាយប្រហារលើវិមានសភាកាលពីថ្ងៃទី០៦ ខែមករា កន្លងទៅ ដែលបណ្ដាលឱ្យមនុស្ស៥នាក់ស្លាប់។ លោក បៃដិន បានគូស បញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «សម័យកាលដ៏សោកសៅមួយនេះ នៅក្នុងប្រវត្តិសាស្ត្ររបស់យើង បានរំលឹកពួកយើងថាប្រជាធិបតេយ្យ កំពុងមានភាពផុយស្រួយ ដែលតម្រូវឱ្យប្រជាជនអាមេរិកគ្រប់រូប មានកាត្វកិច្ចការពារការពិត»។
គួរបញ្ជាក់ថា ព្រឹទ្ធសភាអាមេរិក នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបោះឆ្នោតសម្រេចឱ្យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួចខ្លួនពីការចោទប្រកាន់ និងការកាត់ទោសជាលើកទី២ ដោយបានបិទបញ្ចប់សវនាការ ដែលចំណាយពេលខ្លីបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
នៅក្នុងការបោះឆ្នោត សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ៧រូប បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីបោះឆ្នោតចោទប្រកាន់ និងកាត់ទោស លោក ដូណាល់ ត្រាំ។ ប៉ុន្តែ ពួកគេនៅតែបរាជ័យរកឱ្យបានសំឡេង ២ ភាគ៣ ដើម្បីអាចកាត់ទោសលោក ត្រាំ បាននោះទេ ដោយព្រឹទ្ធសភា បោះឆ្នោតក្នុងសំឡេងគាំទ្រ៥៧ ទល់នឹង៤៣ សំឡេងជំទាស់។
ក្រោយរួចខ្លួន ជាលើកទី២ លោក ដូណាល់ ត្រាំ បានចេញសេចក្ដីថ្លែងការណ៍មួយអបអរសាទរជ័យជម្នះមួយនេះ ដោយអះអាងថាសកម្មភាពនយោបាយរបស់លោក ទើបតែបានចាប់ផ្ដើមប៉ុណ្ណោះ។ លោក ត្រាំ បានបញ្ជាក់ដូច្នេះថា៖ «...សកម្មភាពនយោបាយដើម្បីធ្វើសហរដ្ឋអាមេរិក អស្ចារ្យម្ដងទៀត (Make America Great Again) ទើបតែបានចាប់ផ្ដើម តែប៉ុណ្ណោះ»៕