(តូក្យូ)៖ អាជ្ញាធរជប៉ុនមិនបានធ្វើការប្រកាសអាសន្ន ចំពោះលទ្ធភាពដែលអាច កើតមានរលកយក្សស៊ូណាមិនោះឡើយ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រក្បែរខេត្ត ហ្វូគូស៊ីម៉ា (Fukushima) ភាគឦសានប្រទេសជប៉ុន និងបាននាំឲ្យអគារនានានៅក្នុងទីក្រុងតូក្យូ ញាប់ញ័រផងដែរកាលពីវេលាម៉ោង ១១៖០៧នាទីយប់ (ម៉ោងនៅតូក្យូ)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។
ចំណុចរំញ័ររបស់វាគឺស្ថិតនៅក្នុងដែនសមុទ្រ នៃខេត្ត Fukushima ដោយមានជម្រៅ ៦០គីឡូម៉ែត្រទៅក្រោមបាតសមុទ្រ។ បើតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK រហូតមកទល់ពេលនេះ គ្មានភាពមិនប្រក្រតីណាមួយ បានកើតឡើងនៅក្នុងតំបន់់រោងចក្រនុយក្លេអ៊ែរ តាកៃមូរ៉ា (Takaimura) ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីតំបន់រងការញ័ររញ្ជួយខាងលើនោះឡើយ។ បន្ថែមពីនេះ ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីជប៉ុន ក៏មិនបានចេញសារព្រមាន ចំពោះការកើតមានរលកយក្សស៊ូណាមិនោះដែរ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ នៅក្នុងដែនសមុទ្រនៃខេត្ត Fukushima ខាងលើនេះ បានកើតមានឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នៅមុនពេលដែលប្រទេសជប៉ុន ត្រូវធ្វើពិធីរំលឹកខួប ១០ឆ្នាំ នៃមហាគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានកើតមានឡើងកាលពីខែមីនា ឆ្នាំ២០១១។
គ្រោះរញ្ជួយដីកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ មានកម្រិតរហូតដល់ទៅ ៩.០រ៉ិចទ័រ បានធ្វើឲ្យជប៉ុនរងគ្រោះដោយរលករលកស៊ូណាមិ ដែលមានកម្ពស់រហូតដល់ទៅ ៣៨ម៉ែត្រ (ស្មើនឹងអគារកម្ពស់ ១២ជាន់) ហើយក៏បានបង្កឲ្យរោងចក្រនុយក្លេអ៊ែរ Fukushima ផ្ទុះផងដែរ។ មហន្តរាយប្រចាំសតវត្សរ៍នេះ បានផ្តាច់ជីវិតជនជាតិជប៉ុនខ្ទង់ ២០,០០០នាក់៕