(វ៉ាស៊ីនតោន)៖ ពន្ធនាគារក្វាន់តាណាម៉ូ (Guantanamo) ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ស្ថិតនៅតំបន់ជ្រោយក្វាន់តាណាម៉ូ (Guantanamo Bay) នៃប្រទេសគុយបា ពេលនេះកំពុងស្ថិតក្នុងការត្រួតពិនិត្យជាផ្លូវការ ដោយរដ្ឋបាលលោក ចូ បៃដិន ហើយ ដោយប្រធានាធិបតីអាមេរិករូបនេះ ចង់បិទទ្វារពន្ធនាគារនេះឲ្យបាន នៅមុនលោកផុតអាណត្តិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។
កាលពីសម័យកាលលោក បារ៉ាក់ អូបាម៉ា កាន់តំណែងជាប្រធានាធិបតីអាមេរិក លោកក៏ធ្លាប់មានចេតនា បិទពន្ធនាគារនេះឲ្យបានផងដែរ ប៉ុន្តែមិនបានសម្រេចនោះឡើយ។ តមកទៀតនៅក្នុងសម័យកាលរបស់លោក ដូណាល់ ត្រាំ ក៏មិនមានការផ្លាស់ប្តូរអ្វីដែល ចំពោះគុក Guantanamo ដែលជាពន្ធនាគារយោធាសហរដ្ឋអាមេរិក ស្ថិតនៅក្នុងមូលដ្ឋានទ័ពជើងទឹកអាមេរិក នៃជ្រោយ Guantanamo ដែលជាដែនកោះតូចមួយក្នុងតំបន់ជ្រោយ Guantanamo Bay របស់ប្រទេសគុយបានោះ។
ទីភ្នាក់ងារព័ត៌មាន Reuters ដែលទទួលបានប្រភពចំនួនពីរ ដោយសុំមិនបញ្ជាក់អត្តសញ្ញាណ បានបង្ហើបយ៉ាងដូច្នេះថា «លោក ចូ បៃដិន កំពុងតែពិចារណាចំពោះការចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ នៅក្នុងរយៈពេលរាប់សប្តាហ៍ ឬរាប់ខែខាងមុខនេះ»។ បទបញ្ជាប្រតិបត្តិនោះ គឺទំនងជាការចាប់ផ្តើមដំណើរការនីតិវិធី ដើម្បីឈានទៅបិទពន្ធនាគារ Guantanamo ដែលបានរងព្យុះភ្លៀងនៃការចោទប្រកាន់ អំពីទង្វើរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឲ្យប៉ះពាល់ដល់ រូបភាពអាមេរិកយ៉ាងខ្លាំងលើឆាកអន្តរជាតិ។
ឆ្លើយតបចំពោះអ្នកសារព័ត៌មាន ដែលបានសាកសួរអំពីពេលវេលា នៃការបិទពន្ធនាគារ Guantanamo អ្នកនាំពាក្យសេតវិមានលោកស្រី ចេន ផ្សាគី (Jen Psaki) បានលើកឡើងថា «នោះជាគោលដៅ និងចេតនារបស់យើង»។ លោក ចូ បៃដិន បានបង្ហាញពីគោលនយោបាយរបស់លោក តាំងតែពីពេលធ្វើយុទ្ធនាគារឃោសនា រកសំឡេងឆ្នោតមកម្ល៉េះថា លោកនឹងស្តារមុខមាត់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ នៅលើឆាកអន្តរជាតិ ហើយជាដំំបូងគឺប្រាកដណាស់ថា ចាប់ពីផ្តើមពីអាមេរិកខ្លួនឯង៕