(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសៅរ៍នេះ បានរាយការណ៍អំពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១២៦ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។
យោងតាមអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 ក្នុងប្រទេសថៃបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១១៦ករណីជាករណីឆ្លងក្នុងស្រុក ចំណែកឯ ១០ករណីទៀតគឺជាករណីនាំចូល ត្រូវបានរកឃើញលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។
ខេត្តតាក់ (Tak) ដែលស្ថិតភាគខាងលិចប្រទេសថៃ ឥឡូវនេះបានក្លាយជាចំណុចក្តៅថ្មីនៃការឆ្លង COVID-19 បន្ទាប់ពីខេត្តសាមុតសាខន ដោយក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ៥២ករណីឯណោះត្រូវបានរកឃើញ នៅក្នុងខេត្តជាប់ព្រំដែនមីយ៉ាន់ម៉ាមួយនេះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៤,៤០៥ករណី ក្នុងនោះមានអ្នកស្លាប់ ៨០នាក់ និងអ្នកជាសះស្បើយ ២១,១៨០នាក់៕