(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ចូ បៃដិន បានអះអាងថា ខ្លួននឹងចាប់ផ្តើមអនុញ្ញាតឲ្យក្រុមអ្នកសុំសិទ្ធិជ្រកកោន រាប់ម៉ឺននាក់ដែលកំពុងជាប់គាំងនៅម៉ិចស៊ីកូ ចូលមកកាន់សហរដ្ឋអាមេរិក តាមច្រកព្រំដែនមួយក្នុងចំណោមបី ជាមួយប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។
តាមរយៈការអះអាងដូចខាងលើនេះ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមទទួល អ្នកសុំសិទ្ធិជ្រកកោនដែលកំពុងស្ថិតក្នុង ដំណើរការត្រួតពិនិត្យស្រាប់់ចំនួន ២៥,០០០នាក់ ចាប់ពីសប្តាហ៍ក្រោយនេះតទៅ។ ក្រុមអ្នកសុំសិទ្ធិជ្រកកោណទាំងនេះ ត្រូវតែធ្វើការបំពេញតាមបែបបទយ៉ាងពេញលេញ និងតេស្តរកជំងឺ COVID-19 ផងដែរ មុននឹងត្រូវអនុញ្ញាតឲ្យឆ្លងព្រំដែន ចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការបោះជំហាននៃរដ្ឋបាលលោក ចូ បៃដិន ខាងលើនេះ គឺជាការដើរបញ្ច្រាសគោលនយោបាយរបស់ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានសម្រេចរាំងខ្ទប់ក្រុមអ្នកសុំសិទ្ធិជ្រកកោណ មកពីតំបន់អាមេរិកកណ្តាល ដោយការចាត់ទុកពួកគេថា មកដណ្តើមការងារពលរដ្ឋអាមេរិក និងបង្កអសន្តិសុខក្នុងផងដែរ។ គោលនយោបាយរបស់លោក ត្រាំ ជុំវិញបញ្ហាជនភៀសខ្លួនខាងលើនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំង ហើយក៏ត្រូវបានលោក ចូ បៃដិន ផ្អាកការអនុវត្តន៍រួចហើយដែរ តាំងតែពីថ្ងៃដែលលោក ស្បថចូលកាន់តំណែងថ្មីៗមកម្ល៉េះ៕