(ប៉េកាំង)៖ រដ្ឋបាលអវកាសជាតិចិន (CNSA) បានបញ្ចេញវីដេអូមួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អំពីសកម្មភាពជាក់ស្តែងនៃយាន ធានវិន-១ (Tianwen-1) នៅក្នុងគន្លងគោចរនៅជុំវិញភពព្រះអង្គារ ដែលបច្ចុប្បន្នកំពុងស្ថិតនៅចម្ងាយជាង ១៩៥លានគីឡូម៉ែត្រពីផែនដី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។
បេសកកម្ម Tianwen-1 មានផ្ទុកផ្កាយរណប (Orbiter) សម្រាប់គោចរជុំវិញភពអង្គារមួយគ្រឿង, ជើងទម្រសម្រាប់ចុះ (Lander) ចំនួនមួយគ្រឿង និងគ្រឿងយន្តចល័ត (Rover) ចំនួនមួយគ្រឿង។ Tianwen-1 បានចំណាយពេលជិត ៧ខែ ទើបអាចជ្រៀតចូលគន្លងគោចរ នៅជុំវិញភពអង្គារក្នុងរយៈកម្ពស់ ៤០០គីឡូម៉ែត្រ កាលពីថ្ងៃពុធសប្តាហ៍នេះ។
វីដេអូដែលត្រូវបានបញ្ចេញនេះ បង្ហាញអំពីសកម្មភាពយាន Tianwen-1 ស្ថិតនៅក្នុងគន្លងគោចរភពអង្គារ ហើយតួខ្លួនរបស់វាមានរំញ័របន្តិច នៅពេលដែលម៉ាស៊ីននៅលើតួយាននោះត្រូវបានបញ្ឆេះ ហើយ Tianwen-1 ត្រូវបានបញ្ជាឲ្យហោះហើរពីតំបន់ពេលថ្ងៃ ទៅកាន់ផ្នែកពេលយប់នៃភពអង្គារ។
បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ, ការងាករេទិសដៅនៃអង់តែន, បរិយាកាសភពអង្គារ និងផ្ទៃភពអង្គារមួយផ្នែកដ៏ប្លែកភ្នែក គឺសុទ្ធសឹងតែត្រូវបានបង្ហាញ នៅក្នុងវីដេអូដ៏កម្រមានបំផុត លើពិភពលោកមួយនេះ។ រដ្ឋបាលអវកាសចិន CNSA បានលើកឡើងថា យាន Tianwen-1 កំពុងបញ្ជូនសារអបអរសាទរឆ្នាំថ្មី មកពីភពអង្គារ៕