(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងបាលីស្ទីករបស់កូរ៉េខាងជើង គឺជាចង្កោមបញ្ហាអាទិភាពបន្ទាន់ របស់សហរដ្ឋអាមេរិក ដែលកំពុងដឹកនាំដោយលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) បានលើកឡើងថា «ការខ្វះទំនាក់ទំនងដោយផ្ទាល់ ជាមួយប្រទេសកូរ៉េខាងជើង មិនគួរត្រូវបានមើលឃើញថា ការគំរាមកំហែងបង្កឡើងដោយ កម្មវិធីផលិតសព្វាវុធរបស់ប្រទេសមួយនេះ មិនស្ថិតនៅក្នុងអាទិភាពនោះឡើយ។ ជាក់ស្តែង វាពិតជាសំខាន់ខ្លាំងណាស់»។
អ្នកនាំពាក្យខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា «ប្រទេសកូរ៉េខាងជើងបានបន្តដំណើរការ ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន សម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលពិតជាបានធ្វើឲ្យវា ក្លាយជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក និងជាបញ្ហាដែលតម្រូវឲ្យយើង ធ្វើការដោះស្រាយរួមគ្នាជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើង...។ យើងនៅតែប្តេជ្ញាលុបបំបាត់ អាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង»។
គួរបញ្ជាក់ថា លោក ចូ បៃដិន ធ្លាប់បានរិះគន់ធ្ងន់ៗ ចំពោះអ្វីដែលអតីតរដ្ឋបាល លោក ដូណាល់ ត្រាំ បានធ្វើជាមួយប្រទេសកូរ៉េខាងជើង ជាពិសេសគឺជំនួបទ្វេភាគីជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៨ និងនៅវៀតណាមកាលពីឆ្នាំ២០១៩។ លោក ចូ បៃដិន បានចាត់ទុកថា លោក ដូណាល់ ត្រាំ មិនត្រឹមតែមិនបានដោះស្រាយ បញ្ហាជាក់ស្តែងនោះឡើយ តែថែមទាំងបានទុកឱកាសល្អ ឲ្យកូរ៉េខាងជើងសម្ងំអភិវឌ្ឍអាវុធ បានកាន់តែខ្លាំងក្លាលើសមុនទៅទៀត៕