(តូក្យូ)៖ នៅថ្ងៃសុក្រនេះ ជប៉ុនទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាលើកដំបូង ខណៈវាជាវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនអាមេរិក Pfizer និងដៃគូគឺក្រុមហ៊ុនអាល្លឺម៉ង់ BioNTech។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ចំនួនប្រមាណជា ៤០០,០០០ដូស ត្រូវបានដឹកទៅដល់អាកាសយានដ្ឋានអន្តរជាតិណារីតា ក្បែរទីក្រុងតូក្យូ កាលពីវេលាព្រឹកថ្ងៃសុក្រនេះ តាមជើងហោះហើរចេញពីទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក បន្ទាប់ពីគណកម្មការអឺរ៉ុប កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្តល់ការអនុញ្ញាតឲ្យនាំចេញវ៉ាក់សាំង Pfizer-BioNTech ទៅកាន់ប្រទេសជប៉ុន។
កន្លងទៅ នាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា បាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នឹងចាប់ផ្តើមពីពាក់កណ្តាលសប្តាហ៍ក្រោយនេះទៅ ដោយបុគ្គលិកសុខាភិបាលប្រហែល ១០,០០០នាក់ នឹងទទួលការចាក់មុនគេ។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា នឹងអាចទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ប្រជាជនជាង ១២៦លាននាក់របស់ខ្លួន នៅត្រឹមពាក់កណ្តាលឆ្នាំនេះ។
គួរបញ្ជាក់ថា ជប៉ុនបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣១៤លានដូស ពីក្រុមហ៊ុនផ្សេងៗ រួមមាន AstraZeneca របស់អង់គ្លេស, Moderna របស់អាមេរិក និង Pfizer-BioNTech ដែលចំនួននេះអាចប្រើសម្រាប់ចាក់ជូនមនុស្សដល់ទៅ ១៥៧លាននាក់ឯណោះ៕