(តូក្យូ)៖ ប្រធានព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ លោក យ៉ូស៉ីរ៉ូ ម៉ូរិ (Yoshiro Mori) ទីបំផុតបានសម្រេចលាលែងពីតំណែងនៅថ្ងៃសុក្រនេះ បន្ទាប់ពីរឿងអាស្រូវបានផ្ទុះឡើង ដោយសារតែរូបលោកបាននិយាយពាក្យសម្តីរើសអើងលើស្រ្តីភេទ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NBC News នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១។
កាលពីថ្ងៃទី០៣ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ អំឡុងកិច្ចប្រជុំមួយនៃគណៈកម្មាធិការអូឡាំពិកប្រទេសជប៉ុន លោក Mori បានលើកឡើងថា ស្រីៗគឺចូលចិត្តនិយាយច្រើនខ្លាំងពេក ដែលជាហេតុធ្វើឲ្យកិច្ចពិភាក្សាណាមួយ តែងតែត្រូវអូសបន្លាយពេលយូរ។ ភ្លាមៗក្រោយពេលនោះ លោក Mori បានចេញមុខសុំទោសជាសាធារណៈ និងសុំដកពាក្យសម្តីខុសឆ្គងរបស់លោកវិញ ចំពោះមុខការរិះគន់ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។
គួរបញ្ជាក់ថា រឿងអាស្រូវរបស់លោក Mori បានបង្កជាស្រមោលកាន់តែខ្មៅងងឹតមួយកម្រិតទៀត ចំពោះព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ដែលកំពុងប្រឈមនឹងភាពស្រពិចស្រពិលស្រាប់ ក្រោយត្រូវពន្យារពេលពីឆ្នាំ២០២០ មកឆ្នាំ២០២១ ដោយសារតែជំងឺរាតត្បាតសកល COVID-19។ ការលាលែងពីតំណែងរបស់លោក Mori អាចចាត់ទុកថា ជាសញ្ញាមួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ដើម្បីធ្វើយ៉ាងណារៀបចំព្រឹត្តិការណ៍អូឡាំពិកឲ្យបាន ក្នុងឆ្នាំនេះ គឺនៅសល់ពេលមិនដល់០៦ខែទៀតឡើយ បើទោះបីជាក្តីបារម្ភនៅតែមានជុំវិញបញ្ហា COVID-19 ក៏ដោយ៕