(ណៃពិដោ)៖ ក្រុមអ្នកគាំទ្ររបស់លោកស្រី អោងសាន ស៊ូជី នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យអន្តរជាតិចាត់វិធានការរឹតរ៉ឹងថែមទៀត ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ក្រោយការប្រកាសដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានការធ្វើបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យ ប្រមាណជាមួយសប្តាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រី ស៊ូជី បានសម្តែងការស្វាគមន៍ចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក ប៉ុន្តែពួកគេបាននិយាយថា សកម្មភាពតឹងរ៉ឹងថែមទៀតគឺត្រូវការជាចាំបាច់ ដើម្បីជំរុញឲ្យយោធាចុះចេញពីអំណាចវិញ ហើយបង្ខំឲ្យយោធាទទួលស្គាល់ជាផ្លូវការ ចំពោះជ័យជម្នះរបស់គណបក្ស NLD ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។
គួរបញ្ជាក់ថា ការធ្វើរដ្ឋប្រហារយោធា និងការឃុំខ្លួនលោកស្រី ស៊ូជី ព្រមទាំងមនុស្សជាង២៦០នាក់ផ្សេងទៀត បាននាំឲ្យមានការផ្ទុះសកម្មភាពបាតុកម្មដ៏ធំបំផុត មិនធ្លាប់នៅប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងតែពីឆ្នាំ២០០៧មក៕