(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសយេមែន និងពង្រឹងសមត្ថភាពការពារជាតិ របស់អារ៉ាប៊ីសាអូឌីត នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសល់ ប៊ិន ហ្វាហាន់ អាល់សាអ៊ូត (Faisal bin Farhan Al Saud)។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រសួងការបរទេសអាមេរិក និងប្រព័ន្ធផ្សព្វផ្សារដ្ឋអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេស ទាំង២ ក៏បានជជែកគ្នាផងដែរ ពីភាពចាំបាច់ក្នុងការស្វែងរកដំណោះស្រាយនយោបាយមួយ ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសយេមែន។ អារ៉ាប៊ីសាអូឌីត បានដឹកនាំ ក្រុមចម្រុះអារ៉ាប់ ធ្វើអន្តរាគមន៍យោធា នៅយេមែន នៅឆ្នាំ២០១៥ សំដៅគាំទ្រដល់កងកម្លាំងរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីសប្ដាហ៍មុន បានតែងតាំងអ្នកការទូតជើងចាស់ម្នាក់ គឺលោក ធីម លែនឌឺឃីង (Tim Lenderking) ជាបេសកជនពិសេសទទួលបន្ទុកកិច្ចការយេមែន ដើម្បីបង្កើនការគាំទ្រ ដល់នយោបាយការទូតអាមេរិក បិទបញ្ចប់សង្រ្គាមរុំារ៉ៃក្នុងប្រទេសមួយនេះ។ រដ្ឋបាលថ្មីរបស់ លោក បៃដិន ក៏បានប្រកាសបញ្ចប់ការគាំទ្ររបស់ខ្លួនដល់ប្រតិបត្តិការយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅយេមែន ផងដែរ៕