(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍អំពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ២០១ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមជំនួយការអ្នកនាំពាក្យ CCSA លោកស្រី អភិសាម៉ៃ ស្រីរាំងសុន (Apisamai Srirangson) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨៥ករណីជាករណីឆ្លងក្នុងស្រុក ហើយក្នុងនោះទៀតសោត មាន ៩៦ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តនៅក្នុងមន្ទីរពេទ្យ និង ៨៩ករណីទៀតនៅក្នុងសហគមន៍។ ចំណែកឯ ១៦ករណីទៀតគឺជាករណីនាំចូល ត្រូវបានរកឃើញលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៤,១០៤ករណី ក្នុងនោះមានអ្នកស្លាប់ ៨០នាក់ និងអ្នកជាសះស្បើយ ១៩,៧៩៩នាក់៕