(គូឡាឡាំពួ)៖ ជនបរទេសដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី នឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដោយឥតគិតថ្លៃ ខណៈទីក្រុងដ៏ធំមួយនៅម៉ាឡេស៊ី គឺភូត្រាចាយ៉ា (Putrajaya) នឹងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ចាប់ពីចុងខែកុម្ភៈនេះតទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការធានាការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 របស់ប្រទេសម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា ប្រជាជនម៉ាឡេស៊ីនឹងត្រូវបានផ្តល់អាទិភាព ក្នុងការទទួលបាននូវវ៉ាក់សាំងនេះដោយឥតគិតថ្លៃ ប៉ុន្តែបានអះអាងថា ការសម្រេចចិត្តមួយទៀត គឺរួមបញ្ចូលទាំងជនបរទេសផងដែរ ដែលវាជាគន្លឹះមួយឈានទៅរកភាពជោគជ័យ នៃកម្មវិធីចាក់វ៉ាក់សាំងនេះ។
សេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ឲ្យដឹងបន្ថែមថា គណៈរដ្ឋមន្រ្តីបានអនុម័តលើសេចក្តីសម្រេចចិត្តនេះ បន្ទាប់ពីការពិចារណាលើកត្តាមួយចំនួន ដូចជាការរកឃើញនូវករណីឆ្លង COVID-19 ជាច្រើននៅក្នុងចំណោមពលករបរទេសនៅប្រទេសម៉ាឡេស៊ី ជាពិសេសពលករដែលនៅក្នុងវិស័យសំណង់ កសិកម្ម និងផលិតកម្មជាដើម។
គួរបញ្ចាក់ថា បើតាមគណៈកម្មាធិការធានាការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 របស់ប្រទេសម៉ាឡេស៊ី ប្រទេសដែលគ្មានការឆ្លងរីករាលដាលនៃ COVID-19 នឹងត្រូវបានកើតឡើង លុះត្រាប្រទេសនោះ ផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
ពលករបរទេសដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី នឹងទទួលបានការវ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃ ខណៈទីក្រុង Putrajaya នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ចាប់ពីចុងខែកុម្ភៈនេះ៕