(កង់បេរ៉ា)៖ អ្នកជំនាញផ្នែកជំងឺឆ្លងនៅអូស្ត្រាលីបានព្រមានថា ការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នៅទូទាំងពិភពលោក អាចចំណាយពេលរហូតដល់ ០៦ឆ្នាំឯណោះ បើយោងទៅលើស្ថានការណ៍នាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងសុន្ទរកថាទៅកាន់ក្លឹបសារព័ត៌មានជាតិ (NPC) លោក សាន់ចាយ៉ា (Sanjaya Senanayake) ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លង និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យវេជ្ជសាស្រ្តជាតិអូស្រ្តាលី បានគូសបញ្ជាក់ថា មនុស្សត្រឹមតែ ១០ភាគរយប៉ុណ្ណោះនៅក្នុងបណ្ដាប្រទេសក្រីក្របំផុតចំនួន ៧០ នៅលើពិភពលោក នឹងត្រូវទទួលបានការចាក់វ៉ាក់សាំង COVID-19 នេះនៅត្រឹមដំណាច់ឆ្នាំ២០២១។
លោក Senanayake បានព្រមានថា បណ្តាប្រទេសដែលបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ពួកគេ នឹងមិនទទួលបានអត្ថប្រយោជន៍ពីការចាក់វ៉ាក់សាំងនោះទេ រហូតដល់បណ្ដាប្រទេសដទៃទៀត សម្រេចបាននៅភាពស៊ាំជាសហគមន៍ នៅក្នុងប្រទេសរបស់ពួកគេដែរ។ លោក Senanayake បានគូសបញ្ជាក់បន្ថែមថា «បើតាមអត្រានៃការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ ត្រូវបានគេប៉ាន់ស្មានថា យើងនឹងមិនអាចទទួលបានការចាក់វ៉ាក់សាំង នៅទូទាំងពិភពលោករហូតដល់ ៧៥ភាគរយបានទេ... វាមិនមែនចំណាយពេលមួយ ឬពីរឆ្នាំឡើយ ប៉ុន្តែវាអាចនឹងចំណាយពេលប្រាំមួយឆ្នាំ»។
ម៉្យាងវិញទៀត ប្រសិនបើយើងបន្តការចាក់វ៉ាក់សាំងជាសកលនេះ ខណៈដែលវានៅតែបន្តមានការឆ្លងរីករាលដាល នៅបណ្ដាប្រទេសផ្សេងទៀត ដោយយើងមិនបានបន្តត្រួតពិនិត្យនោះ យើងនឹងឃើញមានភាពការឆ្លងដ៏កាចសាហាវបន្ថែមទៀត ដែលនឹងជះឥទ្ធិពលខ្លាំង ទៅលើប្រសិទ្ធភាពនៃវ៉ាក់សាំង។ លោក Senanayake បានសង្កត់ធ្ងន់ថា «ប្រសិនបើអ្នកជាអ្នកជឿលើការចាក់វ៉ាក់សាំងជាតិនិយម... អ្នកក៏ត្រូវប្រកាន់ខ្ជាប់ និងធានាបាននូវការផ្ដល់ការចាក់វ៉ាក់សាំងក្នុងចំនួនគ្រប់គ្រាន់ និងក្នុងលក្ខណៈទាន់ពេលវេលា ជូនដល់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ»។
បើតាមការព្យាករណ៍របស់លោក Senanayake ពិភពលោកនឹងមិនរង់ចាំរយៈពេល ១០០ឆ្នាំខាងមុខ ទើបមានការឆ្លងរាតត្បាតនៃវីរុសថ្មីៗទៀតនោះទេ ព្រោះគ្រាន់តែក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយនេះ វីរុសឆ្លងថ្មីៗប្លែកៗជាង ៤០ប្រភេទទៅហើយត្រូវបានរកឃើញ៕