(វ៉ាស៊ីនតោន)៖ សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន កំពុងពិចារណាបង្កើតគណបក្សថ្មីមួយ ដើម្បីគេចចេញពីឥទ្ធិពលរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើមនុស្ស ០៤នាក់ ដែលបានចូលរួមក្នុងកិច្ចពិភាក្សាមួយ ស្ដីពីគម្រោងបង្កើតគណបក្សថ្មីខាងលើ ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប្រភពដដែលបានគូសបញ្ជាក់ប្រាប់ Reuters យ៉ាងដូច្នេះថា «មនុស្សយ៉ាងហោច ១២០នាក់បានចូលរួមក្នុងកិច្ចប្រជុំមួយ តាមវីដេអូ Zoom កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីពិភាក្សាគ្នាពីការផ្ដាច់ខ្លួនបង្កើតគណបក្សថ្មីមួយ ដោយឈរលើគោលការណ៍អភិរក្សនិយម, គោរពរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ។ ពួកគេជឿជាក់ថា លោក ដូណាល់ ត្រាំ បានបំផ្លាញប្រជាធិបតេយ្យអាមេរិក ដោយការងាកចេញពីគោលការណ៍ទាំងនេះ»។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters មនុស្សដែលបានចូលរួមក្នុងកិច្ចពិភាក្សាខាងលើរួមមាន អតីតមន្ត្រី និងអ្នករៀបចំយុទ្ធសាស្ត្រ នៅក្រោមអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋដូចជាលោក រ៉ូណាល់ រីហ្គែន (Ronald Reagan), លោក ចច ប៊ូស (George H.W. Bush), លោក ចច ដាប៊ែលយូ ប៊ូស (George W. Bush) រួមទាំងអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ៕