(វ៉ាស៊ីនតោន)៖ ការផ្គុំមូលដ្ឋាន (Gateway) ដំបូងរបស់អង្គការ NASA នៅក្នុងគន្លងគោចរជុំវិញព្រះច័ន្ទ នឹងចាប់ផ្តើមប្រព្រឹត្តទៅឆាប់បំផុត នៅអំឡុងខែឧសភា ឆ្នាំ២០២៤ ដើម្បីចាប់ផ្តើមគម្រោងបេសកកម្ម នៃការសង់ស្ថានីយច្រកទ្វារអវកាសឋានព្រះច័ន្ទ (Lunar Gateway ឬ Artemis)។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
អង្គការ NASA បានជ្រើសរើសក្រុមហ៊ុន SpaceX ដែលមានមូលដ្ឋាននៅទីក្រុង ហរថន (Hawthorne) រដ្ឋកាលីហ្វ័រញ៉ា ធ្វើជាអ្នកទទួលបន្ទុកក្នុងការដឹកជញ្ជូនគ្រឿងបរិក្ខាស្រូប និងរក្សាទុកថាមពលប្រើប្រាស់ (Power and Propulsion Element ឬ PPE) ព្រមទាំងបន្ទប់ស្នាក់នៅ និងឃ្លាំងស្តុកទំនិញ (Habitation and Logistics Outpost ឬ HALO) សម្រាប់ផ្គុំនៅក្នុងគន្លងគោចរនៃព្រះច័ន្ទជាមុន ដែលជាកិច្ចចាប់ផ្តើមរំលេចចេញជារូបរាងនៃគំរោង អាតេមីស (Artemis)។
អង្គការ NASA បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីការត្រៀមរៀបចំ អ្វីៗគ្រប់យ៉ាងនៅលើផែនដីរួចរាល់ PPE និង HALO នឹងត្រូវរៀបចំបាញ់បង្ហោះ ឆាប់បំផុតនៅក្នុងខែឧសភា ឆ្នាំ២០២៤ តាមរយៈគ្រាប់រ៉ុក្កែត Falcom Heavy ចេញពីមូលដ្ឋាន Launch Complex 39A នៃមជ្ឈមណ្ឌលអវកាស ខិនណឺឌី (Kennedy) របស់អង្គការ NASA ស្ថិតនៅក្នុងរដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក។ សម្រាប់ការបាញ់បង្ហោះ និងសេវាពាក់ព័ន្ធដទៃទៀត នៅក្នុងបេសកកម្មនេះ អង្គការ NASA ត្រូវចំណាយរហូតដល់ ៣៣១.៨លានដុល្លារ»។
គួរបញ្ជាក់តាមអតីតប្រធានអង្គការ NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) ធ្លាប់បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនមនុស្ស ទៅស្នាក់នៅលើផ្ទៃព្រះច័ន្ទ ជាលើកដំបូងនៅក្នុងឆ្នាំ២០២៨ ០៤ឆ្នាំបន្ទាប់ពីអវកាសយានិកអាមេរិក ០២រូបធ្វើទស្សនកិច្ចជាលើកដំបូង នៅតំបន់ប៉ូលខាងត្បូងព្រះច័ន្ទនៅក្នុងឆ្នាំ២០២៤ ហើយវានឹងក្លាយជាជោគជ័យដំបូងនៃគំរោង Artemis ដែលមានអង្គការអវកាសអន្តរជាតិជាច្រើនចូលរួម៕