(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នឹងត្រួតពិនិត្យយុទ្ធសាស្ត្រទប់ទល់ជាមួយចិនឡើងវិញ ក្នុងនោះរួមមានវិស័យសំខាន់ៗដូចជា ព័ត៌មានសម្ងាត់, បច្ចេកវិទ្យា និងវត្តមានយោធាអាមេរិកនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមលោក ចូ បៃដិន ការត្រួតពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រពាក់ព័ន្ធនឹងចិន គឺស្ថិតនៅក្នុងចំណោមយុទ្ធសាស្ត្រជាច្រើនទៀត ដែលមន្ទីរបញ្ចកោណបាននិងកំពុង
ដឹកនាំការត្រួតពិនិត្យឡើងវិញ រាប់ចាប់ពីយុទ្ធសាស្ត្រកងទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ដល់គោលនយោបាយអាមេរិកចំពោះអង្គការ NATO។ តាមរយៈក្នុងសុន្ទរកថា នាឱកាសបំពេញទស្សនកិច្ចទៅកាន់មន្ទីរបញ្ចកោណ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក បៃដិន ក៏បានសង្កត់ធ្ងន់ដែរថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) បានជូនដំណឹងដល់រូបលោក ពីការបង្កើតអង្គភាពពិសេសមួយ ដែលនឹងទទួលបន្ទុករៀបចំ យុទ្ធសាស្ត្រយោធាទប់ទល់ជាមួយចិន។
ដោយឡែក បើតាមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អង្គភាពពិសេសនេះមានសមាជិក ១៥រូប នឹងត្រូវបានបង្កើតឡើងនៅឯមន្ទីរបញ្ចកោណ ដើម្បីត្រួតពិនិត្យ និងរៀបចំយុទ្ធសាស្ត្រ ព្រមទាំងធ្វើបទបង្ហាញពីការផ្ដល់អនុសាសន៍នៅក្នុងរយៈពេល ៤ខែខាងមុខនេះ។
គួរបញ្ជាក់ថា នៅក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក បានចាត់ទុកចិនជាគូប្រជែងធំបំផុត និងស្ថិតនៅក្នុងចំណោមបញ្ហា ដែលត្រូវដោះស្រាយជាអាទិភាព ហើយគោលជំហរបែបនេះត្រូវបានគេមើលឃើញថា នឹងនៅតែរក្សាទុកដដែលក្រោមរដ្ឋបាលលោក ចូ បៃដិន ក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បង្ហាញសញ្ញាថា លោកនឹងបន្តអនុវត្តនយោបាយការពារជាតិដ៏តឹងរ៉ឹងចំពោះចិន។ ជាក់ស្ដែងនៅដើមសប្ដាហ៍នេះ សហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំ ០២គ្រឿង ឱ្យទៅដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅឯតំបន់សមុទ្រចិនខាងត្បូង ដែលបាននាំឲ្យចិនចោទប្រកាន់ថា សហរដ្ឋអាមេរិកកំពុងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់៕