(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានអំពាវនាវសាជាថ្មី ឱ្យតួកគីបោះបង់ចោល និងកុំប្រើប្រាស់ឱ្យសោះនូវប្រព័ន្ធមីស៊ីល S-400 ទិញពីរុស្ស៊ី ដែលនេះទំនងជាការច្រានចោល សំណើមួយរបស់ទីក្រុងអង់ការ៉ា់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
ការអំពាវនាវខាងលើរបស់សហរដ្ឋអាមេរិក កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិតួកគី លោក ហ៊ូលូស៊ី អាកា (Hulusi Akar) ក្នុងសប្ដាហ៍នេះ បានស្នើសុំការសម្រុះសម្រួលមួយដោយតួកគី ដែលជាសម្ព័ន្ធមិត្តអង្គការ NATO ដែរនោះ នឹងមិនប្រើប្រាស់ពេញលេញនូវប្រព័ន្ធមីស៊ីល S-400 ដែលរុស្ស៊ីផលិតឡើងទុកសម្រាប់ទប់ទល់នឹង យន្ដហោះចម្បាំងលោកខាងលិចនោះទេ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) បានអះអាងថា គោលជំហររបស់សហរដ្ឋអាមេរិកចំពោះ S-400 នឹងមិនកែប្រែឡើយ។ លោក Ned Price បន្តទៀតថា S-400 មិនស័ក្តិសមជាមួយបរិក្ខាយោធារបស់អង្គការ NATO នោះទេ ហើយថែមទាំងគំរាមដល់សន្តិសុខ និងបច្ចេកវិទ្យារបស់ NATO។ ម្យ៉ាងវិញទៀត ការដំឡើង ឬការប្រើប្រាស់ប្រព័ន្ធមីស៊ីលនេះ ក៏ផ្ទុយទាំងស្រុងពីការប្ដេជ្ញាចិត្តរបស់តួកគី ក្នុងនាមជាសមាជិក NATO ដែលនេះតម្រូវជាចំាបាច់ឱ្យតួកគីបោះបង់ចោល និងកុំប្រើប្រាស់ប្រព័ន្ធមីស៊ីល S-400 ឱ្យសោះ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ធ្លាប់banសន្យាថា លោកនឹងប្រកាន់ជំហរតឹងរ៉ឹងបំផុតចំពោះប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ដោយមិនធ្វើដូច អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ឡើយ៕