(វ៉ាស៊ីនតោន)៖ ខណៈរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន កំពុងត្រួតពិនិត្យឡើងវិញ ពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ចិនឯណេះវិញបានចាក់ឬស ពង្រីកឥទ្ធិពលកាន់តែខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលធ្លាប់តែជាដែនឥទ្ធិពលផ្ដាច់មុខរបស់អាមេរិក។ តំបន់មជ្ឈិមបូព៌ា កំពុងឆ្លងកាត់ការផ្លាស់ប្ដូរមិនធ្លាប់មានពីមុនមក ដោយ សហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងគូប្រជែងដណ្ដើមឥទ្ធិពលធំៗទាំង២ គឺរុស្ស៊ី ដែលកំពុងពង្រីកឥទ្ធិពលក្នុងប្រទេសស៊ីរី ហើយជាពិសេស គឺវត្តមានរបស់ចិនតែម្ដង ដែលទទួល បានការស្វាគមន៍ពីបណ្ដាប្រទេសអារ៉ាប់ កាន់តែច្រើនឡើង។
មេបញ្ជាការនៃទីបញ្ជាការកណ្ដាលយោធាអាមេរិក លោកនាយឧត្ដមសេនីយ៍ ខេននែត ម៉ាកខិនហ្ស៊ី (Kenneth McKenzie) ក៏បានទទួលស្គាល់ផងដែរពីការរីកកាន់តែធំឡើង នៃឥទ្ធិពលចិន ក្នុងតំបន់មជ្ឈិមបូព៌ា។ ថ្លែងនៅក្នុងសុន្ទរកថាមួយ នៅឯវិទ្យាស្ថានមជ្ឈិមបូព៌ា (Middle East Institute) នៅក្នុងសប្ដាហ៍នេះ លោក ម៉ាកខិនហ្ស៊ី បាននិយាយថា ការឆ្លងរាតត្បាត COVID-19 និងការសម្រេចចិត្តកាត់បន្ថយចំនួនកងទ័ពអាមេរិក នៃអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានផ្ដល់ឱកាសឱ្យចិន ទាញយកប្រយោជន៍ពង្រីកឥទ្ធិពល របស់ខ្លួនទាំងខាងការទូត, យោធា, សេដ្ឋកិច្ច និងបច្ចេកវិទ្យា។
តាមការពិតទៅ ក្រោយបដិវត្តន៍អារ៉ាប់ ផ្ទុះឡើងក្នុងឆ្នាំ២០១០ និងបន្ទាប់ពីការធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរបបដឹកនាំលីប៊ីកាដាហ្វី ព្រមទាំងប្រតិបត្តិការយោធានៅស៊ីរី និងនៅ យ៉េមែន វាបានធ្វើឱ្យគំនិតស្អប់អាមេរិក រីកសុះសាយនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយប្រជាជនអារ៉ាប់មួយចំនួនធំ ចាប់ផ្ដើមធុញទ្រាន់នឹងវត្តមានយោធារបស់សហរដ្ឋអាមេរិក ហើយ មើលឃើញថាអាមេរិកនេះឯង ដែលជាអ្នកនាំសង្រ្គាមចូលមកក្នុងតំបន់របស់ពួកគេ។
ផ្ទុយពីសហរដ្ឋអាមេរិក, ចិនបានឈានជើងចូលក្នុងតំបន់មជ្ឈិមបូព៌ា ដោយស្រទន់ដោយផ្ដោតជាសំខាន់ លើការទាក់ទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំអារ៉ាប់ តាមរយៈការវិនិយោគ, ពាណិជ្ជកម្មប្រេង និងឧស្ម័ន ព្រមទាំងបច្ចេកវិទ្យា។ បច្ចុប្បន្ន ប្រេង និងឧស្ម័នដែលចិននាំចូល មានជាងជិតពាក់កណ្ដាលមានប្រភពមកពីតំបន់មជ្ឈិមបូព៌ា។ មិនតែប៉ុណ្ណោះ ក្នុងនាមជា អ្នកវិនិយោគធំបំផុតមួយនៅក្នុងតំបន់ ទីក្រុងប៉េកាំង បានប្រើប្រាស់យុទ្ធសាស្ត្ររក្សាតុល្យភាពទំនាក់ទំនងជាមួយប្រជាជាតិដែលជាសត្រូវនឹងគ្នា ដូចជាអ៉ីរ៉ង់, អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប និងអ៉ីស្រាអែល ដោយប្រកាន់ភ្ជាប់គោលនយោបាយមិនលូកលាន់កិច្ចការផ្ទៃក្នុងនៃបណ្ដាប្រទេសដទៃ។
ប្រទេសឯកោដូចជា អ៉ីរ៉ង់ បានបង្ហាញការស្វាគមន៍យ៉ាងខ្លាំងចំពោះវត្តមានចិន ដោយសង្ឃឹមថា ចិនអាចនឹងជួយបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ បើតាមក្រុមអ្នកជំនាញ ភូមិសាស្ត្រនយោបាយ ចិនមើលឃើញអ៉ីរ៉ង់ ប្រៀបដូចជាស្ពានសម្រាប់ឱ្យខ្លួនឆ្លងចូលទៅកាន់បណ្ដាប្រទេសអារ៉ាប់ ដែលមានទំនាក់ទំនងជាប្រពៃណីជាមួយសហដ្ឋអាមេរិក។ ប៉ុន្តែ ស្ពានបែបនេះ គឺចិនប្រើតែក្នុងពេលចាំបាច់ប៉ុណ្ណោះ មានន័យថា «អ៉ីរ៉ង់ត្រូវការចិន ជាងចិនត្រូវការអ៉ីរ៉ង់»។
ជាក់ស្ដែង នៅពេលសហរដ្ឋអាមេរិក គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសដែលរកស៊ីជាមួយអ៉ីរ៉ង់ ចិនបានដកខ្លួនបន្តិចម្ដងៗពីទីក្រុងតេហេរ៉ង់ ហើយងាកទៅទាក់ទងជាមួយ ប្រទេសអារ៉ាប់អ្នកមាន ដែលមិនត្រូវគ្នាជាមួយអ៉ីរ៉ង់វិញ រួមមានអារ៉ាប៊ីសាអូឌីត និងអេមីរ៉ា់តអារ៉ាប់រួម។ ថ្មីៗនេះ ចិនបានទាញយកប្រយោជន៍នៃការឆ្លងរាតត្បាត COVID-19 ដើម្បី ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសទាំងនេះ តាមរយៈយុទ្ធសាស្ត្រ «ម៉ាសការទូត និងវ៉ាក់សាំងការទូត» ដែលទទួលបានការសាទរមិនតិចនោះទេ ពីមេដឹកនាំ និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់។
យុទ្ធសាស្ត្រ «ម៉ាសការទូត និងវ៉ាក់សាំងការទូត» បានលេចចេញជាលទ្ធផល ក្រោយអេមីរ៉ា់តអារ៉ាប់មួយ អនុម័តឱ្យប្រើប្រាស់មុនគេនូវវ៉ាក់សាំង COVID-19 របស់ចិន កាលពីខែកញ្ញា ឆ្នាំ២០២០ ហើយតួកគីចាប់ផ្ដើមចាក់វ៉ាក់សាំងចិន ជូនប្រជាជនរបស់ខ្លួន កាលពីពាក់កណ្ដាលខែមករាកន្លងទៅនេះ ខណៈក្រុមមន្ត្រីអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត បានកោតសរសើរ ចំពោះការចូលរួមរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។
លើសពីនេះទៅទៀត អ្វីដែលគេមិនអាចប្រកែកបាន នោះគឺតំបន់មជ្ឈិមបូព៌ា ដែលធ្លាប់តែជាដែនឥទ្ធិពលផ្ដាច់មុខរបស់សហរដ្ឋអាមេរិក បាន និងកំពុងងាកទៅរកចិន ហើយនេះក៏ប្រហែលជាអ្វីដែលបណ្ដាប្រទេសអារ៉ាប់មួយចំនួន ដូចជាអារ៉ាប៊ីសាអូឌីតដើម ចង់បានផងដែរ។ និយាយបែបនេះ មិនមែនមានន័យថា អារ៉ាប់លែងត្រូវការអាមេរិកនោះទេ ក៏ប៉ុន្តែការពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិកតែមួយគត់ នឹងមានតែធ្វើឱ្យអាមេរិក យល់ថាអារ៉ាប់ មិនអាចខ្វះខ្លួនបាន ដូច្នេះអារ៉ាប់ត្រូវតែបំពេញតាមលក្ខខណ្ឌដែលអាមេរិកចង់។ ផ្ទុយទៅ វិញ បើមានវត្តមានចិន សហរដ្ឋអាមេរិក អាចនឹងកាន់តែខ្លាចបាត់បង់សម្ព័ន្ធមិត្តអារ៉ាប់ ឬអាចនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាទំនាក់ទំនងជាមួយអារ៉ាប់។
តែទោះបែបនេះក្ដី ក្នុងពេលបច្ចុប្បន្ន ឬអនាគតដ៏ខ្លី ចិនមិនអាចដណ្ដើមតំបន់មជ្ឈិមបូព៌ាចេញពីដែនឥទ្ធិពលរបស់សហរដ្ឋអាមេរិក បាននោះទេ ហើយចិន ក៏បានដឹងខ្លួនឯងច្បាស់ដែរ ថានៅមានផលប្រយោជន៍ជាច្រើនពាក់ព័ន្ធនឹងវត្តមានយោធាអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបណ្ដារដ្ឋាភិបាលនៃប្រទេសអារ៉ាប់ ត្រូវការជាចាំបាច់ដើម្បីរក្សាអំណាច របស់ពួកគេ៕
ប្រភព៖ SCMP