(ប៉េកាំង)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធីបតីចិន លោក ស៉ី ជិនពីង បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូល នៃថ្នាក់ដឹកនាំប្រទេសចិន-អឺរ៉ុបកណ្តាលនិងបូព៌ា តាមប្រព័ន្ធវីដេអូ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ដោយបានលើកសំណើបួនចំណុច ស្តីពីការអភិវឌ្ឍ «កិច្ចសហប្រតិបតិ្តការ១៧បូក១» ក្នុងស្ថានភាពថ្មី ហើយបានប្រកាសវិធានការសំខាន់ៗមួយចំនួន។
ប្រការនេះមិនត្រឹមតែបានបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងចិន និងប្រទេសអឺរ៉ុបកណ្តាលនិងបូព៌ាក្នុងគ្រាលំបាកប៉ុណ្ណោះទេ តែថែមទាំងបានចង្អុលបង្ហាញពីទិសដៅ សម្រាប់លើកកម្ពស់គុណភាព និងលំដាប់ថ្នាក់នៃកិច្ចសហប្រតិបតិ្តការទ្វេភាគី ក៏ដូចជាធ្វើឱ្យប្រសិទ្ធភាពនៃយន្តការសហប្រតិបតិ្តការ «១៧បូក១ធំជាង១៨» រវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងបូព៌ា អាចទទួលបានការពង្រឹងនិងពង្រីកជាបន្តបន្ទាប់ផងដែរ។
តើហេតុអ្វីបានជា១៧បូក១ធំជាង១៨? ពេលបច្ចុប្បន្ននេះ ប្រទេសចិននិងប្រទេសអឺរ៉ុបកណ្តាលនិងបូព៌ា សុទ្ធតែប្រឈមនឹងភារកិច្ចដ៏ធ្ងន់ធ្ងរលើការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ ដូច្នេះតម្រូវការស្តីពីការបង្កើនកិច្ចសហប្រតិបតិ្តការ ក៏កាន់តែមានភាពបន្ទាន់ពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ ។
កន្លងមក ប្រទេសស៊ែរប៊ីទទួលបានវ៉ាក់សាំងចំនួន ១លានដូសពីសហគ្រាសចិន បានក្លាយជាប្រទេសអឺរ៉ុបមួយ ក្នុងចំណោមប្រទេសអឺរ៉ុប ដែលមានអត្រាទទួលការចាក់វ៉ាក់សាំងខ្ពស់បំផុត។ ប្រទេសហុងគ្រីវិញ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបតិ្តការជាមួយ សហគ្រាសផលិតវ៉ាក់សាំងរបស់ប្រទេសចិនផងដែរ ។ ចិនរីករាយជានិច្ច ដើម្បីគិតពិចារណាពីតម្រូវការខាងវ៉ាក់សាំងរបស់ ប្រទេសអឺរ៉ុបកណ្តាលនិងបូព៌ាផ្សេងទៀត។ រីឯប្រធានាធិបតីប្រទេសឆែកបានវាយតម្លៃថា «ការពិតជាក់ស្តែងបានបញ្ជាក់ថា ប្រទេសចិនជាមិត្តភក្តិពិតប្រាកដរបស់យើង»។
ដោយឡែក ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមសហប្រតិបតិ្តការជាច្រើនលើ វិស័យគម្រោងសហប្រតិបតិ្តការសំខាន់ៗ ក្នុងក្របខណ្ឌ «ខ្សែក្រវាត់និងផ្លូវ» និងការពង្រីកនាំការចូលទំនិញនៃប្រទេសអឺរ៉ុបកណ្តាលនិងបូព៌ា ព្រមទាំងការធ្វើឱ្យកិច្ចសហប្រតិបតិ្តការលើ វិស័យសេដ្ឋកិច្ចបៃតងមានភាពកាន់តែស៊ីជម្រៅជាដើម។ គម្រោងសហប្រតិបតិ្តការទាំងនេះ សុទ្ធតែមានភាពងាយស្រួលក្នុងការអនុវត្តជាក់ស្តែង ដូច្នេះប្រទេសអឺរ៉ុបកណ្តាលនិងបូព៌ា មានសុទិដ្ឋិនិយមខ្ពស់ចំពោះ កិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន បន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩។
ខណៈពេលប្រសិទ្ធភាពនៃយន្តការ «១៧បូក១ធំជាង១៨» ត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិ្តការ រវាងចិននិងអាស៊ាន «១០បូក១» ក៏បានពង្រីកតួនាទីយ៉ាងសកម្មផងដែរ។ ក្នុងអំឡុងកិច្ចប្រឹងប្រែងបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំចិននិងអាស៊ានបានត្រួសត្រាយយ៉ាងសកម្មនូវវិធីសាស្រ្តថ្មីៗ សម្រាប់ការធ្វើប្រាស្រ័យទាក់ទងគ្នា។ ជាពិសេសនោះ កិច្ចសហប្រតិបតិ្តការរវាងចិន និងអាស៊ានលើវិស័យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។
នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានដឹកជញ្ជូនវ៉ាក់សាំងរបស់ខ្លួនទៅដល់ប្រទេសកម្ពុជា និងឡាវ ហើយបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លា សម្រាប់ឱ្យប្រទេសជាសមាជិកអាស៊ាន ជាពិសេសគឺបណ្តាប្រទេសអាស៊ាន ដែលបានប្រាក់ចំណូលទាបនិងមធ្យម ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ការពិតជាក់ស្តែងបានសបញ្ជាក់ឲ្យឃើញថា ការធ្វើកិច្ចសហប្រតិបតិ្តការជាមួយមិត្តភក្តិពិតប្រាកដ ទើបអាចរួមសុខរួមទុក្ខជាមួយគ្នា។ នៅពេលប្រឈមការលំបាកដែលមិនធ្លាប់មានកាលពីមុន បណ្តាប្រទេសនានាកាន់តែត្រូវរួមសាមគ្គីគ្នា និងធ្វើកិច្ចសម្របសម្រួលក៏ដូចជារួមសហការគ្នា តម្កល់ទុកសហគមន៍រួមវាសនាតែមួយជាចម្បង ទើបអាចសម្រចបាននូវភាពរុងរឿងជាមួយគ្នាបាន៕