(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងនៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកបានទទួលលិខិតមួយច្បាប់ ផ្ញើមកពីអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា ខណៈស្ថានការណ៍នៅប្រទេសជិតខាងរបស់ថៃមួយនេះ កំពុងតែតានតឹងខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
លោក ប្រាយុទ្ធ ចាន់អូចា បានគូសបញ្ជាក់ថា នៅក្នុងលិខិតរបស់លោក មីន អោង ហ្លេង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងអំណាចគ្រប់យ៉ាង អំឡុងការដាក់ប្រទេសក្នុងគ្រាអាសន្ន បានស្នើសុំជំនួយពីប្រទេសថៃ ទៅលើដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។ យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទដើមសប្តាហ៍ បានប្រកាសថា រដ្ឋាភិបាលយោធាពេលនេះ គឺខុសពីរបបយោធាមុនៗ ហើយយោធាសន្យារៀបចំការបោះឆ្នោតឡើងវិញ តាមបែបលទ្ធិប្រជាធិបតេយ្យ ឲ្យបានឆាប់រហ័ស និងប្រគល់អំណាចទៅបក្សដែលឈ្នះឆ្នោត ដោយសេរី និងយុត្តិធម៌។
ជុំវិញលិខិតដែលបានផ្ញើមកកាន់លោក ប្រាយុទ្ធ ឲ្យជួយគាំទ្រដំណើរការ នៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាខាងលើនេះ នាយករដ្ឋមន្ត្រីថៃរូបនេះបានឆ្លើយតបវិញថា «ប្រទេសថៃតែងតែគាំទ្រដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ។ តទៅមុខទៀត គឺអាស្រ័យទៅលើគាត់ (លោក មីន អោង ហ្លេង) ថាតើចង់ឃើញដំណើរការនោះ ទៅមុខដោយរបៀបណា»។
លោក ប្រាយុទ្ធ ចាន់អូចា ក៏បានរំលឹកផងដែរថា ប្រទេសថៃតែងតែគាំទ្រ ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់ពេលនេះ គឺការរក្សាឲ្យបាននូវទំនាក់ទំនងល្អ ពីព្រោះវាអាចប៉ះពាល់ដល់ប្រជាជន, សេដ្ឋកិច្ច និងពាណិជ្ជកម្មតាមព្រំដែន ជាពិសេសសម្រាប់អំឡុងពេលនេះតែម្តង។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាត្រូវបានលោកខាងលិច និងអង្គការសហប្រជាជាតិ (UN) ចោទប្រកាន់ថា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានចាប់លោកស្រី ព្រមទាំងថ្នាក់ដឹកនាំកំពូលរដ្ឋាភិបាល ជាច្រើនរូបទៀតឃុំខ្លួន និងធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ជាបន្តបន្ទាប់។
រហូតមកទល់នឹងថ្ងៃពុធ ទី១០ ខែកុម្ភៈនេះ បាតុកម្មនៅតែបន្តផ្ទុះឡើង ខណៈការបង្ក្រាបដោយប្រើកាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ក៏ត្រូវបានធ្វើឡើងផងដែរចំពោះក្រុមបាតុករ ដែលបានបំពានបម្រាមរបស់ប៉ូលិស៕