(សាន់ត្យាហ្គោ)៖ រដ្ឋមន្រ្តីសុខាភិបាលឈីលី (ស៊ីលី) លោក អ៊ែនរីក ប៉ារីស (Enrique Paris) នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា ប្រទេសឈីលីបានចុះកិច្ចព្រមព្រៀងមួយ ដើម្បីដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) Sputnik V ដែលអភិវឌ្ឍឡើងដោយប្រទេសរុស្ស៊ី មកកាន់ប្រទេសអាមេរិកឡាទីនមួយនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
លោក Paris បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «យើងបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទទួលបាននូវវ៉ាក់សាំង Sputnik V នាពេលអនាគតហើយ»។ នាពេលនេះ ប្រទេសឈីលីមានវ៉ាក់សាំង COVID-19 ចំនួន ០២រួចជាស្រេចដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្រទេសរបស់ខ្លួន នោះគឺវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និងក្រុមហ៊ុនផលិតឱសថចិន Sinovac។
វ៉ាក់សាំង Sputnik V ត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្ត ហ្គាម៉ាឡេយ៉ា (Gamaleya) ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៉ី និងបានចុះឈ្មោះជាផ្លូវការសម្រាប់ការប្រើប្រាស់ ក្នុងករណីបន្ទាន់នៅប្រទេសរុស្ស៊ីកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ កាលពីសប្តាហ៍មុន ទស្សនាវត្ដីវេជ្ជសាស្រ្តដ៏ល្បី The Lancet បានចេញផ្សាយការវិភាគវែកញែកបណ្តោះអាសន្ន អំពីការធ្វើតេស្តសាកល្បងវ៉ាក់សាំង Sputnik V ដំណាក់កាលទី ៣ ថា វាបានបង្ហាញពីប្រសិទ្ធភាពរហូតដល់ ៩១.៦ភាគរយឯណោះ។
គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៉ី ត្រូវបានអនុម័តរួចរាល់ហើយនៅក្នុងប្រទេសជាង ២០ផ្សេងទៀត រួមមានប្រទេសបេឡារុស, ស៊ែប៊ី, អាហ្សង់ទីន, បូលីវី, ម៉ិចស៉ីកូ, អ៊ីរ៉ង់, នីការ៉ាហ្គ័រ, អាល់ហ្សេរី, លីបង់, ដែនដីប៉ាឡេស្ទីន, វ៉េណេស៊ុយអេឡា, ប៉ារ៉ាហ្គាយ, ហុងគ្រី, អារ៉ាប់រួម និងប្រទេសមួយចំនួនទៀត៕