(វ៉ាស៉ីនតោន)៖ អតីតមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានច្រានចោលសេចក្តីសន្និដ្ឋានរបស់អង្គការសុខភាពពិភពលោក WHO ដែលថា COVID-19 គឺមិនមែនមានប្រភពរីករាលដាលដំបូងចេញពីបណ្តាមន្ទីរពិសោធន៍ ក្នុងវិទ្យាស្ថានស្រាវជ្រាវវីរុសនៃទីក្រុងវូហាន នៅប្រទេសចិននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងបទសម្ភាសន៍មួយនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ជាមួយបណ្តាញសារព័ត៌មានក្នុងស្រុករបស់អាមេរិក លោក ប៉ុមប៉េអូ នៅតែបន្តគាំទ្រទឹ្រស្តីគ្មានមូលដ្ឋានរបស់លោក ដែលថា COVID-19 ដំបូងបំផុត គឺបានលេចចេញពីកន្លែងពិសោធន៍មួយក្នុងទីក្រុងវូហាន។ កាលពីអំឡុងអាណត្តិ លោក ដូណាល់ ត្រាំ ក្រសួងការបរទេសអាមេរិក ក្រោមការដឹកនាំរបស់លោក ប៉ុមប៉េអូ គឺជាអ្នកនាំមុខគេក្នុងការគាំទ្រទ្រឹស្តីនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមអ្នកជំនាញ WHO ដែលបានចុះធ្វើការសិក្សាស្រាវជ្រាវយ៉ាងលម្អិតអំពីប្រភពដើមរបស់ COVID-19 នៅក្នុងទីក្រុងវូហាន បានបិទបញ្ចប់ការស៉ើបអង្កេតរបស់ពួកគេ ជាមួយសេចក្តីសន្និដ្ឋានថា COVID-19 ទំនងជាឆ្លងមកមនុស្ស តាមរយៈសត្វឯណោះទេ ហើយមិនមែនធ្លាយចេញពីមន្ទីរពិសោធន៍នោះឡើយ៕