(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩៥,៥៤២នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,២៦៥នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៧,៧៩៩,៩៤៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៧៩,៧៧២នាក់ និងជាសះស្បើយឡើងសរុប ១៧,៦៣៩,២១៧នាក់។
គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំងឲ្យដល់ ១.៥លានដូសក្នុង ១ថ្ងៃទៅដល់ពលរដ្ឋអាមេរិកាំង ប្រសិនបើអាចទៅរួច។
នេះជាថ្ងៃទី ៣ ហើយសម្រាប់សហរដ្ឋអាមេរិក ដែលបានមើលឃើញអត្រាឆ្លង COVID-19 ប្រចាំថ្ងៃអាចធ្លាក់ចុះមកនៅក្រោម ១សែននាក់ ក្រោយការអនុវត្តវិធានការពាក់ម៉ាសទូទាំងប្រទេស ដែលជាផែនការធំមួយនៅក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃអាណត្តិដឹកនាំរបស់លោក ចូ បៃដិន ដែលបានស្បថចូលកាន់តំណែង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕