(ប៊ុយណូសអ៊ែរ៉ែស)៖ អាជ្ញាធរបរិស្ថានអាហ្សង់ទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ឲ្យដឹងថា ភ្លើងឆេះព្រៃដ៏ធំមួយបានឆាបឆេះ អស់រយៈពេលជាងពីរសប្តាហ៍ហើយនៅតំបន់ ខ្វេស្តា ឌែល ទែណឺរ៉ូ (Cuesta del Ternero) ក្នុងតំបន់ ផាតាហ្គោនៀ (Patagonia) នៃប្រទេសអាហ្សង់ទីន ដែលរហូតមកទល់ពេលនេះ នៅមិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
អនុរដ្ឋមន្រ្តីក្រសួងបរិស្ថានអាហ្សង់ទីន លោក ស៊ឺជីអូ ហ្វេដឺរ៉ូវីស្គី (Sergio Federovisky) បានគូសបញ្ជាក់ប្រាប់វិទ្យុមួយថា ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះ នៅក្នុងតំបន់ទេសចរណ៍ អ៊ែល បូលសុន (El Bolson) ដែលស្ថិតនៅភាគខាងត្បូងនៃខេត្ត រីយ៉ូ ណេក្រូ (Rio Negro) នោះមិនទាន់ត្រូវបានគ្រប់គ្រងទាំងស្រុងនោះទេ។
ភ្លើងឆេះព្រៃខាងលើនេះ បានចាប់ផ្តើមកើតមានឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីគ្រួសារមួយបានរៀបចំពិធីជប់លៀងអាំងសាច់ នៅចម្ងាយប្រហែលពី ២-៣ម៉ែត្រពីព្រៃនោះ និងមិនបានពន្លត់ភ្លើង ទើបបង្កឲ្យមានការឆាបឆេះរាលដាល ពាសពេញតំបន់នោះតែម្ដង ហើយរហូតមកទល់ពេលនេះ បានឆាបឆេះលើផ្ទៃដីទំហំប្រមាណ ៧,៥០០ហិកតាហើយ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ភ្លើងឆេះព្រៃនេះបានគំរាមកំហែងដល់ផ្ទះសម្បែង របស់សហគមន៍ជនជាតិដើម ម៉ាពូឆេ (Mapuche) ហើយ ដោយវាមានចម្ងាយតែ ២០០ម៉ែត្រប៉ុណ្ណោះពីផ្ទះសម្បែងរបស់ពួកគេ។ អាជ្ញាធរសង្គ្រោះរបស់អាហ្សង់ទីន កំពុងចេញប្រតិបត្តិការសង្គ្រោះ និងជម្លៀសមនុស្សងាយរងគ្រោះ៕