(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសដាក់ចេញផែនការសកម្មភាព សម្រាប់គណបក្សពលកររបស់លោក ដើម្បីដោះស្រាយជាមួយកូរ៉េខាងត្បូង និងកិច្ចការក្រៅប្រទេស។ នេះបើតាមប្រភពពី KCNA ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់ ដោយដកស្រង់សម្ដីប្រមុខដឹកនាំកំពូលយ៉ាងដូច្នេះថា «លោកអគ្គលេខាធិការបក្ស គីម ជុងអ៊ុន បានប្រកាសដាក់ចេញផែនការ សកម្មភាពដែលនឹងត្រូវបានអនុវត្ត ដោយផ្នែកទទួលបន្ទុកកិច្ចការកូរ៉េខាងត្បូង និងផ្នែកដែលទទួលបានបន្ទុកកិច្ចការក្រៅប្រទេស មុននឹងសង្កត់ធ្ងន់ពីភាពចាំបាច់ថា ត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីឱ្យការអនុវត្តផែនការទាំងនោះ ឲ្យបានទទួលជោគជ័យ»។
គួរបញ្ជាក់ថា KCNA មិនបានលម្អិតពីផែនការសកម្មភាពរបស់លោក គីម ជុងអ៊ុនឡើយ ដោយគ្រាន់តែឱ្យថា លោក គីម កំពុងដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណបក្សពលករ ដើម្បីពិភាក្សាពីគោលនយោបាយរយៈពេល ០៥ឆ្នាំទៅមុខ របស់ទីក្រុងព្យុងយ៉ាង។ លោក គីម ជុងអ៊ុន កាលពីខែមករា បាននិយាយថា កូរ៉េខាងជើងនឹងបន្តក៏ដូចជាបង្កើន ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយចាត់ទុកថាសហរដ្ឋអាមេរិក នៅតែជាសត្រូវធំនៃប្រទេសរបស់លោក ទោះបីជាលោក ចូ បៃដិន ឬនរណាធ្វើប្រធានាធិបតីអាមេរិកក៏ដោយ៕