(វ៉ាស៊ីនតោន)៖ សវនាការកាត់ទោសអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាលើកទី២ នៅឯព្រឹទ្ធសភា នឹងត្រូវចាប់ផ្ដើមក្នុងសប្ដាហ៍នេះ ដោយព្រឹទ្ធសភានឹង ធ្វើការបោះឆ្នោតលើនីតិវិធីនានា នៅថ្ងៃអង្គារនេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក ត្រាំ ត្រូវបានសភាតំណាងរាស្ត្រគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យចោទប្ដឹង ដកតំណែងពីបទញុះញង់ឱ្យក្រុមកុបករគាំទ្ររូបលោក វាយប្រហារលើវិមានសភា កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ដោយបណ្ដាលឱ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះរួមមាន មន្ត្រីប៉ូលិសម្នាក់។

សវនាការនៅឯព្រឹទ្ធសភា មិនមែនផ្ដោតសំខាន់លើការដកតំណែងលោក ដូណាល់ ត្រាំ ទៀតនោះទេ ដោយសារតែលោកបានផុតអាណត្តិជាប្រធានាធិបតីទៅហើយ។ សវនាការលើកនេះ ត្រូវបានក្រុមអ្នកតាមដាននយោបាយអាមេរិក យល់ថា គណបក្សប្រជាធិបតេយ្យ ចង់ឆ្លៀតឱកាសជាន់ពន្លិចប្រជាប្រិយភាពរបស់គណបក្សសាធារណរដ្ឋ ព្រមទាំងផ្ដល់មេរៀនដល់លោក ដូណាល់ ត្រាំ ចំពោះអ្វីដែលលោកបានធ្វើ ខណៈមានហេតុផលសំខាន់ពីរ ដែលពួកគេយល់ថាព្រឹទ្ធសភាពអាមេរិក ត្រូវតែកាត់ទោស និងដកហូតសិទ្ធិឈរឈ្មោះជាប្រធានាធិបតីរបស់លោក ត្រាំ សាជាថ្មីម្ដងទៀត នៅឆ្នាំ២០២៤៖

*បំពានគោលការណ៍ផ្ទេរអំណាចដោយសន្តិវិធី

សកម្មភាពជាច្រើនរបស់លោក ដូណាល់ ត្រាំ ត្រូវបានចាត់ទុកយ៉ាងងាយស្រួលថាជា «បទល្មើស» ដែលអាចកាត់ទោសរូបលោកបាន។ ព្រឹទ្ធសភា អាចកាត់ទោស ឬដកហូត សិទ្ធរបស់លោក ត្រាំ នៅក្នុងករណីរកឃើញថា លោកពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញអាមេរិក ដូចជា ក្បត់ជាតិ ឬពុករលួយជាដើម។ ដូច្នេះសំនួរសំខាន់មួយនៅត្រង់នេះ នោះគឺថាតើលោក ត្រាំ បានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរណាមួយដែរឬទេ? ជាការពិតណាស់ វាមានការសង្ស័យតិចតួចបំផុតថាលោក បានធ្វើទង្វើទាំងអស់នោះ ដោយចេតនារបស់លោក ត្រាំ ចំពោះការវាយប្រហារវិមានសភា មិនមានជាប់ពាក់ព័ន្ធនឹងគ្នានោះទេ។ លោក ត្រាំ ប្រហែលជាមិនដឹងឡើយថា ក្រុមអ្នកគាំទ្ររបស់លោកហ៊ានរហូតដល់សម្រុកចូលសភា ហើយលោកក៏ប្រហែលជាមិនចង់ឱ្យមានមនុស្សស្លាប់ដែរ។

ទាំងនេះមិនមែនជាបទឧក្រិដ្ឋ ឬបទឧក្រិដ្ឋធ្ងន់ធ្ងរទេ។ ក៏ប៉ុន្តែ រឿងដែលគេមិនអាចប្រកែកបាន គឺលោក ដូណាល់ ត្រាំ បានបំពានគោលការណ៍ដ៏សំខាន់នៃរដ្ឋធម្មនុញ្ញ នៅក្នុង ប្រជាធិបតេយ្យអាមេរិក នោះគឺការផ្ទេរអំណាចដោយសន្តិវិធី នៅក្រោយការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះមួយ នៃប្រព័ន្ធប្រជាធិបតេយ្យស្ដង់ដារអាមេរិក។ ការរារាំង ឬការ បង្កឧបសគ្គដល់ការផ្ទេរអំណាចដោយសន្តិវិធី ដោយប្រធានាធិបតី ឬមេដឹកនាំកំពុងកាន់អំណាច ជាទង្វើប្រឆាំងឆន្ទៈរាស្ត្រ និងផ្ទុយពីលទ្ធិប្រជាធិបតេយ្យ ដែលសហរដ្ឋអាមេរិក តែងតែបង្រៀនដល់បណ្ដាប្រទេសដទៃ នៅជុំវិញពិភពលោក។

*មិនស័ក្តិសមធ្វើជាប្រធានាធិបតី

ទង្វើរបស់លោក ដូណាល់ ត្រាំ ដើម្បីកែប្រែលទ្ធផលបោះឆ្នោត និងចោទប្រកាន់ដោយគ្មានភស្ដុតាងថា ការបោះឆ្នោតមានការលួចបន្លំ បានបង្ហាញយ៉ាងច្បាស់ថាលោកមិន ស័ក្តិសមធ្វើជាប្រធានាធិបតីឡើយ។ លោកបានបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត រហូតដល់ខែមករា ឆ្នាំ២០២១ ទើបលោកសុខចិត្តយល់ព្រមប្រគល់អំណាចឱ្យលោក ចូ បៃដិន។

នៅក្រោមអាណត្តិជាប្រធានាធិបតីរយៈពេល៤ឆ្នាំកន្លងទៅនេះ លោក ត្រាំ បានបង្កភាពចម្រូងចម្រាសស្ទើតែរាប់មិនអស់ ក្នុងនោះរួមមានទាំង ការបង្ករឿងអាស្រូវនយោបាយ ជាមួយអ៊ុយក្រែន នំាឱ្យសភាតំណាងរាស្ត្រ ចោទប្ដឹងដកតំណែងរូបលោក កាលពីឆ្នាំ២០១៩។ លោក ត្រាំ បានមើលស្រាលស្ថានការណ៍ COVID-19 រហូតដល់ធ្វើឱ្យលោក ខ្លួនឯងឆ្លង COVID-19។ មិនតែប៉ុណ្ណោះ លោកថែមទាំងធ្លាប់ថ្លែងសារមើលងាយដល់អ្នកជំនាញកំពូលអាមេរិកផ្នែកជំងឺឆ្លង លោក Anthony Fauci ហើយនេះមិនទាន់ រាប់បញ្ចូលទាំងសីលធម៌របស់លោក ក្នុងជាមេដឹកនាំម្នាក់ផង។

បន្ថែមពីលើនេះ លោក ត្រាំ បានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ជាសត្រូវរបស់ប្រជាជន ដែលនេះគឺផ្ទុយទាំងស្រុងពីតម្លៃប្រជាធិបតេយ្យ និងសេរីភាព បញ្ចេញមតិ។ បើតាមអតីតក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ លោកជាមនុស្សម្នាក់ ដែលមិនចេះរៀបចំគោលនយោបាយដោយខ្លួនឯង ពោលគឺចំាតែអនុម័ត គោលនបាយ ដែលក្រុមមន្ត្រីកំពូលរបស់លោកព្រាងឡើងតែប៉ុណ្ណោះ។ ទង្វើ និងអាកប្បករិយារបស់លោក ដូណាល់ ត្រាំ ទោះជាមិនមែនជាបទឧក្រិដ្ឋធ្ងន់ធ្ងរ តែវាសមល្មម បង្ហាញថាលោកមិនស័ក្តិសមធ្វើជាប្រធានាធិបតីអាមេរិក ឬក៏ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មី នៅឆ្នាំ២០២៤ នោះទេ។

គួរបញ្ជាក់ថា ព្រឹទ្ធសភាអាមេរិក បច្ចុប្បន្នគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ។ តែដោយសាររដ្ឋធមនុញ្ញអាមេរិក តម្រូវឱ្យរកសំឡេងឱ្យបាន ២ភាគ៣ ដូច្នេះ ការសម្រេចចិត្តលើជីវិតនយោបាយរបស់លោក ដូណាល់ ត្រាំ គឺអាស្រ័យទៅលើសមាជិកព្រឹទ្ធសភា ១៧រូប មកពីគណបក្សសាធារណរដ្ឋ ថាតើពួកគេយល់ព្រមចូលរួម ជាមួយគណបក្សប្រជាធិបតេយ្យដែរ ឬក៏យ៉ាងណា ខណៈសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋដល់ទៅ ៤៥រូប ធ្លាប់បង្ហាញពីជំហរជំទាស់សវនាការកាត់ទោសលោក ត្រាំ៕

ប្រភព៖ CNA (ដោយលោក William Cooper, អ្នកជំនាញច្បាប់ម្នាក់ មកពីរដ្ឋកាលីហ្វ័រញ៉ា)