(ញូដេលី)៖ អាជ្ញាធរឥណ្ឌា នៅរសៀលថ្ងៃអង្គារនេះ បានរាយការណ៍ឲ្យដឹងថា សាកសពមនុស្សសរុបចំនួន ២៨នាក់ហើយ ត្រូវបានរកឃើញ នៅតំបន់ដែលរងការវាយប្រហារដោយ គ្រោះធម្មជាតិបាក់ផ្ទាំងដី និងផ្ទាំងទឹកកកជម្រាលភ្នំហិម៉ាល័យ (Himalayas) ដែលស្ថិតនៅរដ្ឋអ៊ូតារ៉ាខាញ (Uttarakhand) ភាគខាងជើងនៃប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមអាជ្ញាធរឥណ្ឌា មនុស្សយ៉ាងហោចណាស់ ១៧៨នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ប៉ុន្តែកិច្ចប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តធ្វើឡើង យ៉ាងសកម្ម ដើម្បីស្វែងរកនិងជួយសង្គ្រោះពួកគេ។ ជនរងគ្រោះភាគច្រើន គឺមកពីរដ្ឋឥណ្ឌាដូចជារដ្ឋអ៊ូតារ៉ាខាញ (Uttarakhand), រដ្ឋយូតតារ ប្រាដែស (Uttar Prades), រដ្ឋ វែសត៍ ប៊ែងហ្គាល់ (West Bengal), រដ្ឋប៊ីហា (Bihar), រដ្ឋហ្សាកខានដ៍ (Jharkhand) និង ខ្លះទៀតមកពីប្រទេសនេប៉ាល់ (Nepal)។

គួរបញ្ជាក់ថា គ្រោះធម្មជាតិបាក់ផ្ទាំងដី និងផ្ទាំងទឹកកកជម្រាលភ្នំ នៅប្រទេសឥណ្ឌានេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់គម្រោងកសាងស្ថានីយវារីអគ្គិសនីចំនួន០២ នៅរដ្ឋ Uttarakhand ដែលកម្មករជាង ១០០នាក់នៃស្ថានីយវារីអគ្គិសនីទាំងនោះ ត្រូវបានគេព្រួយបារម្ភថា អាចត្រូវល្បាប់ភក់ហូរនាំយកទៅជាមួយបាត់ទៅហើយ៕