(រ៉ង់ហ្គូន)៖ ប៉ូលិសមីយ៉ាន់ម៉ាបានចាប់ខ្លួនបាតុករជាច្រើននាក់ ដែលបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាសាជាថ្មីនៅថ្ងៃអង្គារនេះ ដើម្បីប្រឆាំងរដ្ឋប្រហារ និងអំពាវនាវឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងមន្ត្រីដទៃទៀតដែលកំពុងជាប់ឃុំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
បាតុកម្មតវ៉ានៅមីយ៉ាន់ម៉ាបានឈានចូលដល់ថ្ងៃទី ៤ហើយ បើទោះជាព្រមានប្រើកម្លាំងបាយបង្ក្រាប និងការដាក់ចេញនូវច្បាប់អាជ្ញាសឹកក៏ដោយ។ បើតាមអ្នកសារព័ត៌មាន រួមទាំងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ប៉ូលិសមីយ៉ាន់ម៉ាបានប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ និងបានចាប់ខ្លួនបាតុករយ៉ាងហោច ២៧នាក់ក្នុងការប៉ះទង្គិចគ្នានៅទីក្រុង ម៉ាន់ដាឡាយ (Mandalay) ជាទីដែលយោធាបានប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹក និងបម្រាមគោចរ។
គួរបញ្ជាក់ថា អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានថ្លែងសុន្ទករថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ ជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារ ដោយលោកបានបញ្ជាក់ពីភាពស្របច្បាប់ នៃការរឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី ស៊ូជី ពីព្រោះតែការបោះឆ្នោតត្រូវបានលួចបន្លំ។ លោកថែមទាំងបានសន្យាជាថ្មីទៀតថា ការដឹកនាំរបស់លោក នឹងមានភាពខុសគ្នាស្រឡះពីការដឹកនាំដោយរបបសឹកភូមា កាលពី៤៩ឆ្នាំមុន ហើយថានឹងរៀបចំការបោះឆ្នោតមួយ ប្រកbដោយភាពយុត្តិធម៌ ព្រមទាំងប្រគល់អំណាចទៅឱ្យអ្នកឈ្នះ នៅក្នុងការបោះឆ្នោតជាថ្មី៕