(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃអង្គារនេះបានប្រកាសថា ប្រទេសដីកោះមួយនេះសម្រេចកាត់ផ្តាច់ រាល់ការទាក់ទងកម្រិតខ្ពស់ទាំងអស់ជាមួយមីយ៉ាន់ម៉ា ព្រមទាំងនឹងដាក់បម្រាមធ្វើដំណើរ លើបណ្តាថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាថែមទៀត ក្រោយរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃអង្គារនេះ លោកស្រី Ardern បានថ្លែងដូច្នេះថា «សារដ៏រឹងមាំរបស់យើង គឺយើងនឹងធ្វើអ្វីដែលខ្លួនអាចធ្វើទៅបានពីទីនេះ... ហើយរឿងដំបូងដែលយើងនឹងធ្វើ គឺផ្អាករាល់ការទាក់ទង ក៏ដូចជាកិច្ចពិភាក្សាកម្រិតខ្ពស់ទាំងឡាយជាមួយមីយ៉ាន់ម៉ា ហើយនឹងធានាឲ្យបានថា ជំនួយដែលយើងផ្តល់ឲ្យមីយ៉ាន់ម៉ា នឹងមិនត្រូវផ្តល់ជាការគាំទ្រក្នុងទម្រង់ណាមួយ ដល់របបយោធាមីយ៉ាន់ម៉ាដាច់ខាត»។
ដោយឡែកក្នុងសេចក្តីថ្លែងការណ៍ផ្សេងមួយទៀត រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោកស្រី ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) បានលើកឡើងថា នូវែលសេឡង់មិនទទួលស្គាល់រដ្ឋាភិបាលរបស់យោធាមីយ៉ាន់ម៉ានោះទេ ហើយទទូចឲ្យយោធាដោះលែងថ្នាក់ដឹកនាំនយោបាយទាំងអស់ ដែលកំពុងជាប់ឃុំឃាំង និងស្តាររបបដឹកនាំស៉ីវិលឡើងវិញ។
កាលពីថ្ងៃចន្ទម្សិលមិញនេះ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា មីន អោង ហ្លេង បានចេញមុខប្តេជ្ញាថា នឹងរៀបចំការបោះឆ្នោតថ្មីមួយប្រកបដោយភាពសេរី និងយុត្តិធម៌ ហើយប្រគល់អំណាចឲ្យទៅគណបក្សដែលទទួលជ័យជម្នះ ក្នុងចេតនារំងាប់អារម្មណ៍ក្រុមបាតុកររាប់ពាន់នាក់ ដែលកំពុងបន្តធ្វើបាតុកម្មប៉ុន្មានថ្ងៃមកហើយ ប្រឆាំងនឹងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោង សាន ស៊ូជី៕