(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថា ខ្លួននឹងចាត់វិធានការក្ដៅបន្ថែមទៀត ដើម្បីបង្រ្កាបព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងវ៉ាក់សាំង COVID-19 ដែលកំពុងត្រូវបានមជ្ឈដ្ឋានមួយចំនួនតូច អះអាងដោយគ្មានភស្ដុតាងថា អាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
ការសម្រេចចិត្តខាងលើរបស់ Facebook ត្រូវបានធ្វើឡើង ខណៈបណ្ដាញទំនាក់ទំនងសង្គមយក្សមួយនេះ កំពុងរឹតបន្តឹងរាល់ការបង្ហោះព័ត៌មាន COVID-19 ព្រមទាំងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងវ៉ាក់សាំង ក្នុងនោះរួមមានដូចជាការអះអាងថា វីរុស COVID-19 គឺមនុស្សជាអ្នកបង្កើត និងថាវ៉ាក់សាំងមានគ្រោះថ្នាក់ ឬអាចនឹងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សជាដើម។ លើសពីនេះទៅទៀត Facebook ថែមទំាងព្រមានទៀតផងថា អាចនឹងលុបចោល groups, pages និងគណនីទាំងឡាយណា ដែលចែករំលែកព័ត៌មានក្លែងក្លាយ ម្ដងហើយម្ដងទៀតផងដែរ។
គួរបញ្ជាក់ថា ក្រៅពីព្រមានចាត់វិធានការក្ដៅ បង្រ្កាបព័ត៌មានក្លែងក្លាយ Facebook ក៏បានសន្យាថា ខ្លួននឹងជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកព័ត៌មាន ពិតប្រាកដពីវ៉ាក់សាំង COVID-19 ផងដែរ៕