(វូហាន)៖ សមាជិកក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ បន្ទាប់ពីចំណាយពេលជិតមួយខែ ក្នុងការបំពេញទស្សនកិច្ចទៅកាន់ទីតាំងច្រើនក្នុងទីក្រុងវូហាន ប្រទេសចិន ជាទីដែលវីរុសនេះត្រូវបានគេរកឃើញដំបូងគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមអង្គការ WHO សន្និសីទសារព័ត៌មានខាងលើ គ្រោងនឹងប្រព្រឹត្តទៅនៅម៉ោង ៤៖០០នាទីរសៀល ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ហើយក៏មានការចូលរួមពីក្រុមអ្នកជំនាញចិន ដែលបានចូលរួមក្នុងការស៊ើបអង្កេតរកប្រភពដើម COVID-19 ផងដែរ។ ក្រុមអ្នកស៊ើបអង្កេត WHO ត្រូវបានគេរំពឹងថា នឹងធ្វើបទបង្ហាញពីការរកឃើញរបស់ពួកគេ នៅក្នុងសន្និសីទសារព័ត៌មាន។
គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិស្វែងរកប្រភពដើម COVID-19 ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) បានធ្វើដំណើរទៅដល់ទីក្រុងវូហាន កាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០២១ ហើយបានចំណាយពេលធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ ក្រុមអ្នកស៊ើបអង្កេតទាំងនេះ បានធ្វើដំណើរទៅកាន់ទីតាំងជាច្រើន ក្នុងនោះរួមមានមន្ទីរពេទ្យ, វិទ្យាស្ថានវីរុសសាស្ត្រទីក្រុងវូហាន ព្រមទាំងទីផ្សារលក់គ្រឿងសមុទ្រ ហ្វ័រណាន (Huanan) ជាទីដែល COVID-19 ត្រូវបានគេរាយការណ៍ អំពីករណីឆ្លងជាចង្កោមមុនគេបំផុត៕