(វ៉ាស៉ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៉ី (Anthony Fauci) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា វិធីសាស្រ្តការពារដ៏ល្អបំផុត ប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) ទម្រង់ថ្មី គឺត្រូវផ្ដល់ការចាក់វ៉ាក់សាំងបង្ការវីរុសនេះដល់ប្រជាជនឲ្យបានច្រើន និងបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមលោក Anthony Fauci រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងវីរុស COVID-19 ទម្រង់ថ្មីៗសរុបនៅទូទាំងប្រទេសជិត ៧០០ករណីហើយ ក្នុងនោះភាគច្រើនបំផុត គឺជាករណីឆ្លងនៃវីរុស COVID-19 ទម្រង់ថ្មី ដែលត្រូវបានគេរកឃើញដំបូងគេបង្អស់នៅចក្រភពអង់គ្លេស ឬគេស្គាល់ថា B117។ ប៉ុន្តែសហរដ្ឋអាមេរិក មិនបានបើកការធ្វើតេស្តយ៉ាងទូលំទូលាយចំពោះវីរុស COVID-19 ទម្រង់ថ្មីនេះទេ ដូច្នេះតួលេខពិតប្រាកដទំនងជាខ្ពស់ជាងតួលេខផ្លូវការខាងលើនេះ។
ជុំវិញបញ្ហានេះ លោក Fauci បានគូសបញ្ជាក់ថា វិធីសាស្ត្រការពារដ៏ល្អបំផុត ប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុស COVID-19 ទម្រង់ថ្មី គឺត្រូវធ្វើយ៉ាងណា ដើម្បីឲ្យប្រជាជនទទួលបានការចាក់វ៉ាក់សាំងបង្ការវីរុសនេះ សម្រាប់ដូសដំបូងរបស់ពួកគេឲ្យបានច្រើន និងលឿនបំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្តែក៏ត្រូវធ្វើឲ្យប្រាកដផងដែរថា ប្រជាជនទាំងនោះ ត្រូវទទួលបានការចាក់វ៉ាក់សាំងសម្រាប់ដូសទី ២ របស់ពួកគេទាន់ពេលវេលា។
គួរបញ្ជាក់ថា បើតាមទីប្រឹក្សាជាន់ខ្ពស់នៃក្រុមឆ្លើយតបជំងឺឆ្លងនៅសេតវិមាន លោក អ៊ែនឌី ស្លាវីត (Andy Slavitt) រហូតមកដល់ពេលនេះ វ៉ាក់សាំង COVID-19 ជាង ១៧លានដូស ត្រូវបានផ្តល់ដល់ប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំរួចហើយ ខណៈវ៉ាក់សាំងជាង ៤១លានដូសទៀត ក៏ត្រូវបានផ្តល់ដល់ប្រជាជនអាមេរិកទូទៅជាង ៣១លាននាក់រួចហើយផងដែរ៕