(ហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) នឹងរៀបចំកិច្ចប្រជុំពិសេសមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានស្នើឱ្យបើកកិច្ចប្រជុំពិសេសនេះ ដោយទទួលបានការគាំទ្រពីប្រទេសចំនួន ១៩ ក្នុងចំណោម ៤៧ប្រទេស ដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានសន្យាជាថ្មីម្ដងទៀតថា នឹងរៀបចំការបោះឆ្នោតថ្មីមួយដោយសេរី និងយុត្តិធម៌ ហើយនឹងប្រគល់អំណាចទៅឱ្យអ្នកឈ្នះ។ ទោះជាបែបនេះក្តី ទន្ទឹមគ្នានឹងការសន្យា យោធាក៏បានព្រមានដែរថា នឹងប្រើកម្លាំងបាយបង្រ្កាបលើក្រុមបាតុករ ដែលកំពុងនាំគ្នាធ្វើបាតុកម្មតវ៉ា ប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី ដែលកំពុងជាប់ឃុំឃាំង។
លើសពីនេះទៅទៀត ច្បាប់អាជ្ញាសឹកត្រូវបានដាក់នៅទីក្រុង ម៉ាន់ដាឡាយ (Mandalay) បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា នៅទូទាំងប្រទេស។ ច្បាប់អាជ្ញាសឹកខាងលើនឹងគ្របដណ្ដប់លើក្រុងតូចៗចំនួន ០៧ នៃទីក្រុង Mandalay ដោយហាមឃាត់ប្រជាជនពីការធ្វើបាតុកម្មតវ៉ា ឬការប្រមូលផ្ដុំគ្នាចាប់ពីមនុស្ស ០៥នាក់ឡើងទៅ រួមជាមួយបម្រាមគោចរចាប់ពីម៉ោង ៨៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីព្រឹក។ ការប្រកាសដាក់ចេញបម្រាមដូចគ្នា ក៏ត្រូវបានធ្វើឡើងដែរនៅក្នុងទីក្រុងមួយនៃតំបន់ អាយ៉េយ៉ាវ៉ាដឌី (Ayeyarwaddy)៕