(សេអ៊ូល)៖ រដ្ឋាភិបាលក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះបាននិយាយថា សត្វឆ្មានិងឆ្កែចិញ្ចឹម ដែលមានអាក្ការៈគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម នឹងត្រូវបានផ្តល់ជូនការធ្វើតេស្តរកជំងឺ COVID-19 ប្រសិនបើសត្វចញ្ចឹមទាំងនោះ ត្រូវបានប៉ះពាល់ដោយអ្នកផ្ទុកជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី០៨ ខែកម្ភៈ ឆ្នាំ២០២១។
កម្មវិធី ដែលនឹងត្រូវអនុវត្តនៅក្នុងរដ្ឋធានីរបស់កូរ៉េខាងត្បូងនេះ ធ្វើឡើងបន្ទាប់ពីប្រទេសមួយនេះ បានរាយការណ៍ពីការរកឃើញករណីដំបូង នៃជំងឺ COVID-19 នៅលើសត្វឆ្មាចញ្ចឹមមូយក្បាល កាលពីថ្ងៃទី២៤ ខែមករាកន្លងទៅនេះ។
លោកស្រី Park Yoo-mi ដែលមន្ត្រីទទួលបន្ទុកផ្នែកជំងឺឆ្លងនៃក្រុងសេអ៊ូល បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ចាប់ពីថ្ងៃនេះតទៅ រដ្ឋាភិបាលក្រុងសេអ៊ូលនឹងផ្តល់ការធ្វើតេស្តរកជំងឺ COVID-19 ចំពោះសត្វឆ្កែនិងឆ្មាចិញ្ចឹម»។
លោកស្រីបានបន្ថែមថា ការធ្វើតេស្តនឹងត្រូវបានកំណត់ចំពោះសត្វចិញ្ចឹមទាំងឡាយណា ដែលបង្ហាញរោគសញ្ញា រួមមានដូចជាគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងហៀរសំបោរ បន្ទាប់ពីប៉ះពាល់ជាមួយមនុស្សដែលបានធ្វើតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅជុំវិញពិភពលោក សត្វជាច្រើនរួមទាំងឆ្កែនិងឆ្មា បានធ្វើតេស្តឃើញវិជ្ជមានចំពោះវីរុសនេះ ដែលបានសម្លាប់មនុស្សជាង ២លាននាក់នៅទូទាំងពិភពលោក។ យ៉ាងហោចណាស់មានសត្វស្វាពីរក្បាលនៅសួនសត្វសាន់ឌីហ្គោនៃរដ្ឋកាលីហ្វ័រញ៉ា បានធ្វើតេស្តឃើញវីរុសនេះកាលពីខែមុន ដោយត្រូវបានគេជឿថា វាបានឆ្លងពីបុគ្គលិកសួនសត្វនោះតែម្តង៕