(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះ បានចេញសារព្រមានមួយ ពីការប្រើកម្លាំងបាយបង្រ្កាបលើក្រុមបាតុករ ដែលកំពុងនាំគ្នាធ្វើបាតុកម្មតវ៉ា ប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី ដែលកំពុងជាប់ឃុំឃាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ យោធាមីយ៉ាន់ម៉ាបានព្រមានច្បាស់ៗយ៉ាងដូច្នេះថា «សកម្មភាពទាំងឡាយត្រូវតែអនុវត្ត ដោយយោងតាមច្បាប់ ជាមួយនិងវិធានការណ៍ប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងបទល្មើសនានា ដែលរំខាន និងបំផ្លាញស្ថិរភាពរបស់រដ្ឋ ព្រមទាំងសុវត្ថិភាពសាធារណៈ និងនីតិរដ្ឋ។»។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះប្រជាជនមីយ៉ាន់ម៉ា បានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ នៃប្រទេសមីយ៉ាន់ម៉ាដដែល ជាមួយការទទូច និងទាមទារឲ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងការវិលត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នៅឯទីក្រុងរ៉ង់ហ្គូន ចំនួនមនុស្សចូលរួមបាតុកម្ម ត្រូវគេប៉ាន់ប្រមាណថា ប្រហែលជាខ្ទង់រាប់ពាន់នាក់ ខណៈការប្រមូលផ្តុំបានប្រព្រឹត្តទៅ ០៣ថ្ងៃជាប់គ្នាមកហើយ ដោយត្រូវបានអូសបន្លាយ តាំងតែចុងសប្តាហ៍កន្លងទៅនេះ។ ក្រុមអ្នកតវ៉ាបានស្រែកទាមទារឲ្យ ដោះលែងលោកស្រី ស៊ូជី និងបុគ្គលដទៃៗទៀត ដែលត្រូវបានយោធាចាប់ខ្លួន។
ចំណែកនៅទីក្រុង ម៉ាដាឡាយ (Mandalay) ដែលជាទីក្រុងធំជាងគេលំដាប់ទី ២ របស់មីយ៉ាន់ម៉ាបន្ទាប់ពីរ៉ង់ហ្គូន (មានប្រជាជនរស់នៅច្រើនបំផុត) មនុស្សម្នារាប់ពាន់នាក់ ក៏បានប្រមូលផ្តុំគ្នាដង្ហែរក្បួនតវ៉ាផងដែរ ខណៈនៅរដ្ឋធានីណៃពិដោវិញ ក៏គ្មានអ្វីខុសគ្នាឡើយ គឺប្រជាជនមីយ៉ាន់ម៉ាបាននាំគ្នាចុះតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មយ៉ាងព្រោងព្រាត ដោយបង្ខំឱ្យកងកម្លាំងប៉ូលិសមីយ៉ាន់ម៉ា នៅក្នុងរដ្ឋធានីមួយនេះ ប្រើប្រាស់កាណុងបាញ់ទឹក ទៅលើក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នា។ រីឯនៅតាមក្រុង និងតំបន់ទីប្រជុំផ្សេងទៀត ក៏ត្រូវគេរាយការណ៍ថា មានសកម្មភាពតវ៉ាផងដែរ ប្រឆាំងនឹងរដ្ឋប្រហារយោធា។
ចលនាបាតុកម្មដ៏កក្រើកនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ និងឡើងគ្រប់គ្រងអំណាច ក្រោយចាប់ខ្លួនលោកស្រី អោង សាន ស៊ូជី និងថ្នាក់ដឹកនាំមួយចំនួនទៀតរបស់រដ្ឋាភិបាលលោកស្រី ក្រោមហេតុផលថា ការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានប្រព្រឹត្តទៅដោយគ្មានតម្លាភាព ឬមានការក្លែងបន្លំ។ សកម្មភាពរដ្ឋប្រហារយោធា បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិភាគច្រើន ជាពិសេសប្រមុខអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក៕