(សិង្ហបុរី)៖ ការធ្វើរដ្ឋប្រហារដណ្ដើមអំណាច ដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ បានបិទបញ្ចប់ភាពរីកចម្រើនឆ្ពោះទៅរក លទ្ធិប្រជាធិបតេយ្យ នៃប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍មួយនេះ ហើយវាបាន និងកំពុងក្លាយជាការធ្វើតេស្ដមុនគេបំផុតមួយ លើគោលនយោបាយការបរទេស នៃរដ្ឋបាលថ្មី របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានសន្យាថា នឹងឈរប្រកៀកស្មាជាមួយសម្ព័ន្ធមិត្ត ដើម្បីការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅជុំវិញពិភពលោក។
លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើរដ្ឋប្រហារ និងបានអំពាវនាវឱ្យយោធា ដោះលែងលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់ លោកស្រី ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ «សហគមន៍អន្តរជាតិ គួរតែរួមគ្នាជាធ្លុងមួយ ដើម្បីដាក់សម្ពាធឱ្យ យោធាភូមា បោះបង់ចោលអំណាចដែលពួកគេបានរឹបអូស ហើយដោះលែងសកម្មជន រួមទាំងមន្ត្រីរដ្ឋាភិបាលស៊ីវិល ដែលកំពុងជាប់ឃុំ»។ នេះជាការគូសបញ្ជាក់របស់លោក ចូ បៃដិន នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ ក្រោយផ្ទុះរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ជាមួយការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញផងដែរ។
លោក ចូ បៃដិន និងទីប្រឹក្សាខាងគោលនយោបាយការបរទេសរបស់លោក បានលើកឡើងជារឿយៗ ពីការផ្ដោតជាសំខាន់លើភាពចាំបាច់នៃការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ហើយធ្វើការជាមួយពួកគេ ដើម្បីទប់ស្កាត់ការរីកសាយ នៃរបបផ្ដាច់ការនៅលើពិភពលោក។ ក៏ប៉ុន្តែ ការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា ព្រមទាំងការសន្យាចាត់វិធាការឆ្លើយតប នឹងក្លាយជាការធ្វើតេស្ដមួយ លើសមត្ថភាពនៃរដ្ឋបាលអាមេរិកថ្មីរបស់លោក ចូ បៃដិន ក្នុងការសម្រេចឱ្យបាននូវកិច្ចខិតខំប្រឹងប្រែង រួមគ្នាបែបនេះ។
*អ្វីទៅជាជម្រើសរបស់លោក ចូ បៃដិន?
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា លោក ចូ បៃដិន បានសន្យាជាសាធារណៈថា លោកនឹងឈរដើម្បីប្រជាធិបតេយ្យ ហើយថែមទាំងគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ លើមីយ៉ាន់ម៉ាទៀតផង បើសិនជាយោធាមិនព្រមបកក្រោយ។ តាមការពិតទៅ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា រួចបាត់ទៅហើយ តាមរយៈអតីតរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដាក់ទណ្ឌកម្មលើមេញ្ជាការកំពូលមីយ៉ាន់ម៉ា ៤រូប ក្នុងនោះរួមមានទាំងលោក មីន អោង ហ្លេង (Min Aung Hlaing) សម្រាប់ការទទួលខុសត្រូវលើការរំលោភពានសិទ្ធិមនុស្សធ្ងន់ធ្ងរ លើជនជាតិដើមភាគតិចមូស្លីមរ៉ូហ៉ីងយ៉ា កាលពីឆ្នាំ២០១៧។
ដូច្នេះ ទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ប្រហែលជាបានដឹងមុនថា ការគំរាម ឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រហែលគ្រាន់តែជានិមិត្តរូបតែប៉ុណ្ណោះ។ ពោលគឺ ពួកគេមិនមានទឹកមាត់ប្រៃ ឬឥទ្ធិពលអ្វីទៅលើការសម្រេចចិត្តរបស់យោធាមីយ៉ាន់ម៉ាឡើយ។ ដ្បិតអ្នកមានឥទ្ធិពលពិតប្រាកដគឺចិន ដែលជាខ្នងបង្អែកដ៏ធំ និងជាអ្នកដែល តែងតែចេញមុខការពារមីយ៉ាន់ម៉ា ពីការដាក់ទណ្ឌកម្ម ឬការថ្កោលទោសនានាពីសំណាក់សហគមន៍អន្តរជាតិ។
បើតាមក្រុមអ្នកវិភាគមួយចំនួន ដូចជាលោក Walter Lohman ជានាយកមជ្ឈមណ្ឌលសិក្សាអាស៊ីនៃវិទ្យាស្ថាន Heritage Foundation មានមូលដ្ឋាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក ចូ បៃដិន នឹងមិនមានជម្រើសអ្វីផ្សេង ក្រៅតែពីការដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា។ លោក Walter Lohman បានបន្ថែមថា មានអ្នកខ្លះនិយាយថា៖ «យើង មិនអាចដាក់ទណ្ឌកម្មខ្លាំងពេកលើមីយ៉ាន់ម៉ានោះទេ ពីព្រោះវាអាចនឹងរុញឱ្យមីយ៉ាន់ម៉ា កាន់តែខិតទៅរកចិន ហើយវានឹងកាន់តែឱ្យចិនមានឱកាសពង្រីកឥទ្ធិពលនៅ មីយ៉ាន់ម៉ា និងនៅក្នុងតំបន់ទាំងមូល។ ក៏ប៉ុន្តែ ពួកគេភ្លេចគិតថា ធាតុពិតជាក់ស្ដែង មីយ៉ាន់ម៉ា បានឈរនៅខាងចិនរួចបាត់ទៅហើយ»។
ដូច្នេះចង់ ឬមិនចង់ រដ្ឋបាលលោក បៃដិន នឹងដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា ក្នុងគោលបំណងធំៗពីរ៖ ទីមួយ គឺវាជាសារមួយប្រាប់ពិភពលោកថា សហរដ្ឋអាមេរិក ដែល ជាអ្នកការពារតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានត្រឡប់មកវិញ ហើយវាក៏ជាសារព្រមាន កុំឱ្យប្រទេសដទៃយកគំរូតាមមីយ៉ាន់ម៉ាផងដែរ។ ព្រោះថាបើសហរដ្ឋអាមេរិក នៅស្ងៀម ឬមិនចាត់វិធានការឆ្លើយតប នោះរឿងដែលកើតឡើងនៅមីយ៉ាន់ម៉ា អាចនឹងកើតឡើងជាបន្តបន្ទាប់ នៅកន្លែងផ្សេងណាមួយទៀត នៅជុំវិញពិភពលោក ទៅថ្ងៃក្រោយក៏ថាបាន។
ទីពីរ៖ លោក បៃដិន ចង់ប្រើប្រាស់សំណុំរឿងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ដើម្បីប្រមូលកម្លាំងសម្ព័ន្ធមិត្ត ក៏ដូចជាស្ដារមុខមាត់អាមេរិក ក្នុងនាមជាមេដឹកនាំប្រជាធិបតេយ្យ ពិភពលោកឡើងវិញ ដោយបង្ហាញប្រាប់សម្ព័ន្ធមិត្តថា ការដាក់ទណ្ឌកម្មមិនមែនផ្ដោតតែទៅលើយោធាមីយ៉ាន់ម៉ាទេ តែវាក៏មានមុខព្រួញទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ទាំងមូលផងដែរ។ អូស្រ្តាលី កាណាដា និងអង់គ្លេស ដែលកំពុងមានទំនាក់ទំនងមិនល្អស្រាប់ជាមួយចិន អាចនឹងចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន។
*ចិន មិនឯកោឡើយ
ខណៈអង្គការសហប្រជាជាតិ និងប្រទេសអឺរ៉ុបខាងលិចភាគច្រើន រួមទាំងសហរដ្ឋអាមេរិក បាននាំគ្នាថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា និងអំពាវនាវឱ្យយោធាដោះលែង អ្នកដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើងវិញ ចិនបែរជាធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្នដោយចាត់ទុកថា អ្វីដែលបាន និងកំពុងកើតឡើង គឺជាកិច្ចការផ្ទៃក្នុង របស់មីយ៉ាន់ម៉ា។
នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បែរជាព្រមានសហគមន៍អន្តរជាតិទៅវិញថា គួរតែគិតគូជាអាទិភាពពី ស្ថិរភាពសង្គម និងនយោបាយរបស់មីយ៉ាន់ម៉ា ដើម្បីបញ្ចៀសជម្លោះ ឬការបង្កឱ្យស្ថានភាពកាន់តែស្មុគស្មាញ។ ជំហរបែបនេះរបស់ចិន គឺស្របទៅនឹងគោលការណ៍របស់ អាស៊ាន នោះគឺការមិនលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិក ឬប្រទេសដទៃ។ ប្រទេសអាស៊ានភាគច្រើន ក្នុងនោះរួមទាំង កម្ពុជា ហ្វីលីពីន និងថៃ ជាដើម សុទ្ធតែអះអាងថា អ្វីដែលបានកើតឡើងជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ខណៈសិង្ហបុរី បានត្រឹមបង្ហាញក្ដីបារម្ភពីស្ថានការណ៍នៅមីយ៉ាន់ម៉ា។
ក្រុមអ្នកជំនាញយល់ថា បណ្ដាប្រទេសជាសមាជិកអាស៊ាន អាចនឹងមានការប្រុងប្រយ័ត្ន ក្នុងការចេញសេចក្ដីថ្លែងការណ៍ណាមួយពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា។ ពីព្រោះស្ថានការណ៍ បច្ចុប្បន្ន អាចនឹងអូសពួកគេឱ្យស្ថិតនៅចំចំណុចកណ្ដាល នៃការប្រទាញប្រទង់រវាងសហរដ្ឋអាមេរិក និងចិន ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ រួមទាំងកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ច និងការដោះស្រាយវិបត្តិ COVID-19 របស់ពួកគេ៕
ប្រភព៖ CNA