Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចូ បៃដិន៖ «ទាល់តែអ៉ីរ៉ង់ព្រមបញ្ឈប់ការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ទើបអាមេរិកអាចដកទណ្ឌកម្ម» ​​​​(Video inside)

08-02-2021 16:01

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា លោកនឹងមិនដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីអ៉ីរ៉ង់ឡើយ ដរាបណាទីក្រុងតេហេរ៉ង់ មិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។

លោក បៃដិន បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS ដែលចេញផ្សាយនៅកាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន)។ នៅពេលត្រូវបានសាកសួរថា តើលោកប្រធានាធិបតីនឹងដកទណ្ឌកម្មពីអ៉ីរ៉ង់ ត្រឡប់ទៅរកកិច្ចសន្ទនាវិញដែរឬទេ? លោក ចូ បៃដិន បានឆ្លើយយ៉ាងលឿនថា «ទេ» ហើយនៅពេលត្រូវបានសួរបន្តថា ចុះប្រសិនបើអ៉ីរ៉ង់ បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមវិញ? លោកប្រធានាធិបតីអាមេរិករូបនេះ បានងក់ក្បាលជាកាយវិការថា «យល់ព្រម»

គួរបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ធ្លាប់បានបង្ហាញពីបំណងត្រលប់ចូលក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញក្រោយលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ កាលពីឆ្នាំ២០១៨។ ទោះជាយ៉ាងណា លោក បៃដិន បានទទូចថា ទាល់តែអ៉ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនេះ ឡើងវិញជាមុនសិន ប៉ុន្តែទីក្រុងតេហេរ៉ង់ ធ្លាប់បានបញ្ជាក់ជំហររបស់ខ្លួនរួចហើយថា ទាល់តែសហរដ្ឋអាមេរិកដកទណ្ឌកម្មជាមុនសិន ទើបខ្លួនព្រមអនុវត្តតាមកិច្ចព្រមព្រៀងឡើងវិញ។

កាលពីថ្ងៃទី០៤ ខែមករា កន្លងទៅនេះ អ៉ីរ៉ង់បានប្រកាសថា ខ្លួនបានបង្កើនការចម្រាញ់សារធាតុអ៉ុយរ៉ាញ៉ូម រហូតដល់ ២០ភាគរយ ពោលគឺជាកម្រិតច្រើនបំផុត លើសពីកម្រិតដែលត្រូវបានអនុញ្ញាត នៅក្រោមកិច្ចព្រមព្រៀង ដែលបានចែងត្រឹមតែ ៣.៦៧ភាគរយប៉ុណ្ណោះ៕