Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនផ្តល់សិទ្ធិយ៉ាងពេញលេញដល់ក្រុមជំនាញ WHO ដើម្បីធ្វើការស៊ើបអង្កេត នៅទីក្រុងវូហាន ​​​​(Video inside)

08-02-2021 15:24

(ប៉េកាំង)៖ សមាជិកម្នាក់នៃក្រុមអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក (WHO) ដែលកំពុងបំពេញបេសកម្មស្រាវជ្រាវ ក្នុងគោលដៅស្វែងរកប្រភពដើម នៃការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) បាននិយាយថា ភាគីចិនបានផ្តល់សិទ្ធិពេញលេញដល់ក្រុមរបស់ខ្លួន ក្នុងការស៉ើបអង្កេតទៅលើទីតាំង និងបុគ្គលិកមួយចំនួន ដែលខ្លួនបានដាក់ការស្នើសុំ ហើយវាជាកម្រិតមួយនៃការបើកចំហ ហួសពីការរំពឹងទុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកជំនាញស្រាវជ្រាវផ្នែកជំងឺសត្វមកពីអង់គ្លេស លោក ភីតថឺ ដាសហ្សេក (Peter Daszak) បានគូសបញ្ជាក់ថា ក្រុមអ្នកជំនាញ WHO បានដាក់បញ្ជីឈ្មោះទីតាំង និងបុគ្គលមួយចំនួន ដែលពួកគេសង្ស័យថា មានជាប់ពាក់ព័ទ្ធនឹងការផ្ទុះឡើងនៃវីរុស COVID-19 ទៅកាន់ភាគីចិន ដើម្បីស្នើសុំបញ្ចូលវាទៅក្នុងការស៉ើបអង្កេតរបស់ពួកគេ ប៉ុន្តែវាបែរជាគ្មានការជំទាស់ណាមួយត្រូវបានលើកឡើងឡើយ។ លោក Peter Daszak បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវបានសាកសួរ អំពីកន្លែងដែលយើងចង់ទៅ... យើងបានផ្តល់បញ្ជីទៅកាន់ម្ចាស់ផ្ទះ (អាជ្ញាធរចិន)... ហើយអ្នកអាចមើលឃើញ ពីកន្លែងដែលពួកយើងបានទៅ, យើងបានទៅកន្លែងសំខាន់ៗទាំងអស់»

លោក Daszak បានគូសបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ទៅកាន់វិទ្យាស្ថានស្រាវជ្រាវវីរុសនៅវូហាន (Wuhan virology institute) ពួកគេបានជួបនឹងកម្រិតមួយ នៃការបើកចំហលើសពីការរំពឹកទុក ដែលសូម្បីតែខ្លួនលោកផ្ទាល់ក៏មិនបានគិតទុកជាមុនដែរ ហើយការសង្ស័យជុំវិញបញ្ហានេះ ត្រូវបានគេយកទៅធ្វើជាឈា្នន់នយោបាយ នៅលើពិភពលោក។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញទាំងនេះ ត្រូវបានផ្តល់ការចូលទស្សនកិច្ចយ៉ាងទូលំទូលាយ នៅឯមន្ទីរពេទ្យដំបូងៗ នៅទីក្រុងវូហាន ដែលបានព្យាបាលអ្នកជំងឺ COVID-19 កាលពីអំឡុងដើមឆ្នាំ២០២០ កន្លងទៅនេះ រួមមានការជួបជាមួយវេជ្ជបណ្ឌិតដំបូង ដែលមានទំនាក់ទំនងផ្ទាល់ ជាមួយអ្នកជំងឺទាំងនោះទៀតផង។ មិនតែប៉ុណ្ណោះ ក្រុមអ្នកជំនាញទាំងនោះ ក៏មានការជួបជាមួយអ្នកលក់ និងអ្នកគ្រប់គ្រងផ្សារលក់គ្រឿងសមុទ្រ ហ័រណាន (Huanan) ដែលជាកន្លែងនៃករណីឆ្លង COVID-19 បានផ្ទុះឡើងជាលើកដំបូងផងដែរ៕