(ដាណឺម៉ាក)៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសដាណឺម៉ាក ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង វិធានការរឹតត្បិតទប់ស្កាត់ជំងឺ COVID-19 និងស្របពេលដែលរដ្ឋាភិបាលប្រទេសអឺរ៉ុបនេះ មានគម្រោងចង់ដាក់ឲ្យអនុវត្តនូវ លិខិតឌីជីថលបញ្ជាក់អំពីការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
បាតុកម្មខាងលើត្រូវបានរៀបចំឡើងដោយក្រុមហៅថា Men in Black (បុរសឈុតខ្មៅ) ដោយអ្នកតវ៉ាប្រមាណ៦០០នាក់ បានទៅប្រមូលផ្តុំគ្នា នៅមុខវិមានសភាដាណឺម៉ាក ទោះបីនៅក្រោមអាកាសធាតុដ៏ត្រជាក់ខ្លាំង ដែលប្រទេសដាណឺម៉ាកកំពុងទទួលរងឥទ្ធិពលក៏ដោយ។ ការធ្វើបាតុកម្មនេះ ត្រូវបានអនុញ្ញាតដោយអាជ្ញាធរ ក៏ប៉ុន្តែមានការដាក់ពង្រាយកម្លាំងប៉ូលិសជាច្រើន។ យ៉ាងណាមិញ វាបានប្រព្រឹត្តទៅដោយសន្តិវិធី មិនដូចការសកម្មភាពតវ៉ាកន្លងមកឡើយ។
អំឡុងបាតុកម្មកាលពី០២សប្តាហ៍មុន ក្រុមបាតុករនៅរដ្ឋធានីកូប៉ិនហាក បានដុតរូបទីមោងនៃនាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី មេតេ ហ្វ្រេដឺរិកសិន (Mette Frederiksen) ហើយសកម្មភាពតវ៉ានោះ បានវិវត្តទៅជាផ្ទុះកុបកម្ម និងមានការចាប់ខ្លួនមនុស្សមួយចំនួនថែមទៀត។
គួរបញ្ជាក់ថា ហាងមិនសូវសំខាន់ បារនីយដ្ឋាន និងភោជនីយដ្ឋាន ត្រូវបានបិទទ្វារក្នុងប្រទេសដាណឺម៉ាក ដែលមានប្រជាជនសរុប៥.៨លាននាក់ អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ ហើយរដ្ឋាភិបាលដាណឺម៉ាក បានសម្រេចពន្យារវិធានការរឹតត្បិត រហូតដល់យ៉ាងហោចថ្ងៃទី២៨ ខែកុម្ភៈ។ ក្រុមបាតុករបានចាត់ទុកវិធានការនេះថា ជាការគាបសង្កត់សេរីភាពរបស់ពួកគេ ហើយគម្រោងចង់ឲ្យអនុវត្តនូវលិខិតបែបឌីជីថល ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំង អាចនឹងជំរុញឲ្យពួកគេត្រូវចាក់វ៉ាក់សាំងទាំងបង្ខិតបង្ខំ ដែលជាការរឹតត្បិតសិទ្ធិសេរីភាពមួយកម្រិតទៀត ខណៈបច្ចុប្បន្នការចាក់វ៉ាក់សាំង គឺធ្វើឡើងដោយស្ម័គ្រចិត្ត។
ពាក់ព័ន្ធស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 វិញ មកទល់ពេលនេះ ដាណឺម៉ាកបានរាយការណ៍ករណីឆ្លងសរុបជាង ២សែនករណី ក្នុងនោះមានមនុស្សស្លាប់ប្រមាណ ២,២០០នាក់ ដែលធ្វើឲ្យដាណឺម៉ាកជាប្រទេសរងគ្រោះធ្ងន់ធ្ងរលំដាប់ទី២ គឺបន្ទាប់ពីស៊ុយអែត ប្រចាំនៅតំបន់ស្គែនឌីណេវា (Scandinavia) នៃទ្វីបអឺរ៉ុប៕