(រ៉ង់ហ្គូន)៖ កងកម្លាំងប៉ូលិសមីយ៉ាន់ម៉ា នៅក្នុងរដ្ឋធានីណៃពិដោ បានប្រើប្រាស់កាណុងបាញ់ទឹក ទៅលើក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃចន្ទនេះ មួយសប្តាហ៍បន្ទាប់ពីការកើតមានរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូជី ចេញពីអំណាច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមរូបភាព និងវីដេអូដែលត្រូវបានចេញផ្សាយ ដោយសារព័ត៌មានបរទេសមួយចំនួន គេឃើញប៉ូលិសមីយ៉ាន់ម៉ា ប្រើប្រាស់កាណុងបាញ់ទឹកទៅលើក្រុមបាតុកររាប់ពាន់នាក់ ហើយបាតុករខ្លះបានដួលទៅលើដីផងដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP បាតុករពីរនាក់បានទទួលរងរបួស។
សារព័ត៌មានខាងលើនេះបានបន្តទៀតថា ប៉ូលិសក្នុងរដ្ឋធានីណៃពិដោ បានសម្រេចប្រើប្រាស់ កាណុងបាញ់ទឹកទៅលើក្រុមបាតុករ ព្រោះតែសកម្មភាពរបស់ពួកគេ កាន់តែមានភាពពុះកញ្ជ្រោល ប៉ុន្តែក្រោយការបាញ់ទឹកមួយប្រាវរួច សកម្មភាពតវ៉ាប្រឆាំងរដ្ឋាភិបាលយោធា នៅបន្តបន្តទៅមុខដដែល។
ដោយឡែកកាលពីព្រឹកថ្ងៃចន្ទនេះ ក្រុមប្រឆាំងរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានប្រកូកប្រកាសឲ្យមនុស្សម្នា ចូលរួមធ្វើបាតុកម្មឲ្យកាន់តែច្រើនឡើង នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ មួយសប្តាហ៍ក្រោយទង្វើដែលអន្តរជាតិ មើលឃើញថាជារដ្ឋប្រហារយោធា បានកើតមានឡើង ដើម្បីទម្លាក់រដ្ឋាភិបាលលោក អោង សាន ស៊ូជី ចេញពីអំណាច។
ក្រុមអ្នកអង្កេតស្ថានការណ៍នៅមីយ៉ាន់ម៉ាបានអះអាងថា បាតុកម្មកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលបានផ្ទុះឡើង នៅប្រទេសមីយ៉ាន់ម៉ា គឺស្ថិតក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០០៧ ដោយកាលណោះសូម្បីតែព្រះសង្ឃ ក៏បាននិមន្តចូលរួមធ្វើបាតុកម្ម ដើម្បីផ្លាស់ប្តូររបបយោធានៅមីយ៉ាន់ម៉ាផងដែរ។
សកម្មជនម្នាក់ឈ្មោះ អេ ស៊ីនហ្សា ម៉ង (Ei Thinzar Maung) បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយប្រើប្រាស់បណ្តាញ VPN យ៉ាងដូច្នេះថា «សូមអ្នកតវ៉ាមកពីគ្រប់ជ្រុងទាំងអស់ នៃទីក្រុងរ៉ង់ហ្គូន ចេញមកធ្វើការតវ៉ាដោយសន្តិវិធី និងចូលរួមការប្រមូលផ្តុំនៃប្រជាជនយើង»។ សម្រាប់ទីតាំងដែលត្រូវរៀបចំ ការជួបជុំទ្រង់ទ្រាយធំនៅថ្ងៃចន្ទនេះ មិនទាន់ត្រូវបានបញ្ជាក់នោះឡើយ៕