(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃចន្ទ ដើមសប្ដាហ៍ថ្មីនេះបានអះអាងថា ខ្លួនកំពុងបើកប្រត្តិបត្តិការជួយសង្គ្រោះ ក្រុមកម្មករដែលមានគ្នាចន្លោះពី ៣៥-៤០នាក់ដែលត្រូវបានគេរាយការណ៍ថា បាននិងកំពុងជាប់គាំងនៅក្នុងរូងក្រោមដីមួយ ស្ថិតនៅរដ្ឋអ៊ូតារ៉ាខាញ (Uttarakhand) ភាគខាងជើងនៃប្រទេសឥណ្ឌា ដែលត្រូវបានវាយប្រហារដោយគ្រោះធម្មជាតិ បាក់ផ្ទាំងដី និងផ្ទាំងទឹកកកជម្រាលភ្នំហិម៉ាល័យ (Himalayas) កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
ផ្លូវរូងក្រោមដីដែលមានទីតាំងស្ថិតនៅក្បែរទីតាំង ដែលផ្ទាំងដី និងទឹកកកជម្រាលភ្នំបានបាក់ធ្លាក់់ចំពីលើនោះ ត្រូវបានគេរាយការណ៍ថា ពោពេញទៅដោយកម្ទេចកម្ទីជាច្រើន ដែលបានបាក់ចូលទៅក្នុងនោះ។ ក្រុមសង្គ្រោះបាននិងកំពុងប្រើគ្រឿងចក្រ ដើម្បីបោសសំអាតផ្លូវរូងក្រោមដី និងជួយសង្គ្រោះកម្មករ ដែលជាប់ខ្លួននៅក្នុងនោះផងដែរ។ ប្រតិបត្តិការជួយសង្គ្រោះនេះ បានបន្តអស់រយៈពេលពេញមួយយប់ហើយ ទោះបីជាវាស្ថិតក្នុងល្បឿនយឺតក៏ដោយ ដោយសារតែភាពងងឹត នៅក្នុងរូងក្រោមដីនោះ។
ជាមួយគ្នានេះដែរ មនុស្សជិត ១៥០នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនអស់រយៈពេលជាង ២០ម៉ោងហើយ ដែលភាគច្រើននៃមនុស្សដែលបាត់ខ្លួននោះ គឺជាកម្មករដែលធ្វើការនៅឯស្ថានីយវារីអគ្គិសនី។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សាកសពចំនួន ១០នាក់ត្រូវបានគេរកឃើញ ខណៈមនុស្ស ១២នាក់ទៀតត្រូវបានគេជួយសង្គ្រោះពីខាងក្នុងរូងក្រោមដីនោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពី គ្រោះធម្មជាតិបាក់ផ្ទាំងដីជម្រាលភ្នំ បានវាយប្រហារតំបន់នោះ។ គ្រោះធម្មជាតិបាក់ផ្ទាំងដីជម្រាលភ្នំនេះ បានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់គម្រោងកសាងស្ថានីយវារីអគ្គិសនីចំនួន ០២ នៅក្នុងរដ្ឋ Uttarakhand ដែលកម្មករជាង ១២៥នាក់នៃស្ថានីយវារីអគ្គីសនីទាំងនោះ ត្រូវបានគេព្រួយបារម្ភថា អាចត្រូវល្បាប់ភក់ហូរនាំយកទៅជាមួយបាត់ទៅហើយ៕