(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក គុយ ធានកៃ (Cui Tiankai) បាននិយាយថា ប្រទេសក្នុងតំបន់អាស៊ីនឹងមានភាពងាយស្រួល ក្នុងការដោះស្រាយបញ្ហារបស់ពួកគេ បើសិនជាគ្មានការលូកដៃពីបរទេស ឬកម្លាំងខាងក្រៅណាមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) ស្ដីពីទំនាក់ទំនងចិន-អាមេរិក លោក Cui Tiankai បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិនមិនបានផ្លាស់ប្ដូរ គោលនយោបាយការបរទេសរបស់ខ្លួនឡើយ ហើយនោះគឺជាគោលនយោបាយសន្តិភាព ដ៏ឯករាជ្យមួយ។ ដូច្នេះហើយ ទើបយើងការពារដែនអធិបតេយ្យភាព និងឯករាជ្យភាពរបស់យើង...»។
ឯកអគ្គរដ្ឋទូតចិនរូបនេះបានបន្ថែមទៀតថា ប្រទេសចិន និងបណ្ដាប្រទេសជិតខាងរបស់ចិន មានសមត្ថភាពក្នុងការ ដោះស្រាយបញ្ហារបស់ខ្លួន តាមរយៈកិច្ចសន្ទនា និងកិច្ចចរចា ហើយមិនតែប៉ុណ្ណោះបញ្ហាទាំងឡាយ នឹងត្រូវបានដោះស្រាយយ៉ាងងាយស្រួល ប្រសិនបើគ្មានការលូកដៃពីកម្លាំងខាងក្រៅ។
គួរបញ្ជាក់ថា បើតាមលោក Cui Tiankai ទោះជាបញ្ហាស្ថិតនៅទីណា ឬក៏នៅពេលណាក៏ដោយ ឱ្យតែមានសហរដ្ឋអាមេរិកលូកដៃចូលភ្លាម ទីនោះតែងតែជួបអស្ថិរភាព ដោយតំបន់មជ្ឈិមបូព៌ាគឺជាឧទាហរណ៍ស្រាប់៕