(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងវិលត្រលប់ទៅចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) វិញ ក្រោយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដើរចេញពីស្ថាប័ននេះកាលពី ០៣ឆ្នាំមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមប្រភពពីមន្រ្តីនៅក្រសួងការបរទេសអាមេរិក លោករដ្ឋមន្រ្តីការបរទេស អាន់ថូនី ប្លីងខិន (Antony Blinken) នឹងប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) អំពីការវិលត្រលប់របស់សហរដ្ឋអាមេរិក ទៅចូលរួមក្នុងស្ថាប័ន UNHRC វិញក្នុងនាមជាសមាជិកអង្កេតការណ៍។ ទីក្រុងវ៉ាស៉ីនតោន ក៏នឹងព្យាយាមស្វែងរកកៅអីសមាជិកពេញសិទ្ធិវិញផងដែរ ខណៈឥឡូវអាមេរិកនឹងអាចមានឋានៈ ត្រឹមជាសមាជិកអង្កេតការណ៍ប៉ុណ្ណោះ រហូតទាល់តែដល់ផុតឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN កាលពីឆ្នាំ២០១៨ គឺនៅពាក់កណ្តាលទីនៃអាណត្តិរយៈពេល ០៣ឆ្នាំរបស់លោកក្រោមហេតុផលថា ស្ថាប័ននេះប្រកាន់គោលការណ៍លម្អៀងប្រឆាំងនឹងអ៉ីស្រាអែល ហើយសហរដ្ឋអាមេរិកកាលណោះ ក៏បានទាមទារឲ្យមានកំណែទម្រង់ក្នុង UNHRC ផងដែរ។
នៅឆ្នាំ២០២១នេះ មហាសន្និបាត UN នឹងត្រូវបោះឆ្នោតជ្រើសរើស សមាជិកថ្មីសម្រាប់ UNHRC ខណៈសមាជិកនីមួយៗត្រូវបោះឆ្នោតជ្រើសរើសសម្រាប់រយៈពេល ០៣ឆ្នាំ ហើយមិនអាចកាន់លើសពី ០២អាណត្តិជាប់គ្នាឡើយ៕