(ផតអូប្រាំង)៖ ប្រធានាធិបតីហៃទី លោក ចូវែណែល ម៉ូអ៉ីស (Jovenel Moise) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងធ្វើឃាតរូបលោក ដែលត្រូវបានអាជ្ញាធរទប់ស្កាត់ទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមលោក Jovenel Moise មនុស្សយ៉ាងហោច ២០នាក់ ក្នុងនោះរួមមានចៅក្រមតុលាការកំពូលម្នាក់ និងអធិការប៉ូលិសម្នាក់ ត្រូវបានចាប់ខ្លួន ហើយនឹងត្រូវបានសួរចម្លើយដោយ ឧត្ដមក្រុមប្រឹក្សាប៉ូលិសជាតិ និងលោកនាយករដ្ឋមន្ត្រី ចូសិព ចត (Joseph Jouthe) រួមជាមួយប្រធានមន្ត្រីអនុវត្តច្បាប់ លោក ឡេអន ឆាលស៍ (Leon Charles)។ លោក Jovenel Moise បន្ថែមទៀតថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ត្រូវបានគ្រោងឡើងតាំងតែពីខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ ព្រមទាំងគោលដៅធ្វើឃាតរូបលោក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។
គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក Jovenel Moise ធ្វើឡើងកំឡុងចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅឯអាកាសយានដ្ឋានអន្តរជាតិ ទូសសេន ឡូវើឆឺ (Toussaint Louverture International Airport) តែប៉ុន្មាននាទីប៉ុណ្ណោះ ចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុង ចាកមែល (Jacmel) ជាទីដែលលោកនឹងប្រកាសបើកកម្មវិធីបុណ្យមួយ៕