(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៩,៦៩១នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៣៤០នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៧,៦១១,៤០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៧៤,៨៣៣នាក់ និងជាសះស្បើយឡើងសរុប ១៧,៣៥៤,៣៨៨នាក់។
គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំងឲ្យដល់ ១.៥លានដូសក្នុង ១ថ្ងៃទៅដល់ពលរដ្ឋអាមេរិកាំង ប្រសិនបើអាចទៅរួច។ នេះជាលើកដំបូងហើយ សម្រាប់សហរដ្ឋអាមេរិក នៅក្នុងរយៈពេលជាច្រើនខែមកនេះ ដែលបានមើលឃើញអត្រាឆ្លង COVID-19 ប្រចាំថ្ងៃអាចធ្លាក់ចុះមកនៅក្រោម ១សែននាក់ ក្រោយការអនុវត្តវិធានការពាក់ម៉ាសទូទាំងប្រទេស ដែលជាផែនការធំមួយ នៅក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃអាណដឹកនាំរបស់លោក ចូ បៃដិន៕