(ប៉េកាំង)៖ បេសកកម្មអវកាសចិនហៅថា Tianwen-1 ទើបតែបានផ្ញើរូបភាពមួយសន្លឹកដំបូងនៃភពអង្គារ (Mars) មកកាន់ផែនដីវិញ ខណៈ ដែលវានឹងត្រូវចុះចតនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
ទីភ្នាក់ងារអវកាសចិនកាលពីថ្ងៃសុក្រសប្តាហ៍នេះបានឲ្យដឹងថា បេសកកម្ម Tianwen-1 បានផ្ញើរូបភាពស-ខ្មៅមួយសន្លឹករបស់ភពអង្គារ ដែលធាតុពិតជាក់ស្តែងត្រូវគេស្គាល់ថាជាភពក្រហម។ វាបានផ្តិតយករូបភាពនោះ នៅចម្ងាយប្រហែល២.២លានគីឡូម៉ែត្រពីភពអង្គារ។ គិតត្រឹមថ្ងៃដដែលនោះ Tianwen-1 ស្ថិតនៅចម្ងាយ១៨៤លានគីឡូម៉ែត្រពីផែនដី និង១.១លានគីឡូម៉ែត្រពីភពអង្គារ បន្ទាប់ពីវាបានធ្វើ ដំណើរសរុប១៩៧ថ្ងៃ និងចម្ងាយច្រើនជាង៤៦៥លានគីឡូម៉ែត្រ។
បេសកកម្មនេះនឹងទៅដល់ភពអង្គារតែម្តងនៅថ្ងៃទី១០ ខែកុម្ភៈ ត្រូវនឹងថ្ងៃពុធសប្តាហ៍ក្រោយ។ បន្ទាប់មកទៀត វានឹងទម្លាក់គ្រឿងយន្តឲ្យទៅចុះចត ក៏ដូចជាចល័តនៅលើផ្ទៃភពអង្គារ ដើម្បីបំពេញការងារសិក្សាស្រាវជ្រាវផ្សេងៗ។ Tianwen-1 គឺជាបេសកកម្មដំបូងបង្អស់របស់ចិនទៅកាន់ភពអង្គារ ប៉ុន្តែមានមហិច្ឆតាធំបំផុត ដោយក្នុងបេសកកម្មតែមួយជើងដំបូងនេះប៉ុណ្ណោះ ចិនមានគោលដៅហោះជុំវិញផង ចុះចតផង និងចល័តផង។
គួរបញ្ជាក់ថា Tianwen-1 ស្ថិតក្នុងចំណោមបេសកកម្មចំនួន០៣ឆ្ពោះទៅកាន់ភពអង្គារ ដែលត្រូវបានបញ្ជូនចេញពីផែនដីកាលពីខែកក្កដា ឆ្នាំ២០២០។ បេសកកម្ម០២ទៀត មួយជារបស់អេមីរ៉ាត់អារ៉ាប់រួមហៅថា Hope ដែលនឹងទៅដល់ភពអង្គារនៅថ្ងៃទី០៩ ខែកុម្ភៈ គឺមុនចិន ប៉ុន្តែគ្រាន់តែជាបេសកកម្មហោះជុំវិញប៉ុណ្ណោះ ដោយគ្មានការចុះចតឬចល័តឡើយ ខណៈមួយទៀតជារបស់អាមេរិក ហៅថា Perseverance ដែលនឹងចុះចតនៅថ្ងៃទី១៨ ខែកុម្ភៈ។ បេកកម្ម Tianwen-1 និង Perseverance មានយានរ៉ូបូតរៀងៗខ្លួន ដើម្បីចល័តលើផ្ទៃភពអង្គារ៕