(យ៉ាងហ្គន)៖ នៅថ្ងៃអាទិត្យនេះ មនុស្សប្រមាណជាង ១,០០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងយ៉ាងហ្គន (Yangon) នៃប្រទេសមីយ៉ាន់ម៉ា ដើម្បីបន្តសម្តែងការតវ៉ារបស់ពួកគេ ប្រឆាំងនឹងការដណ្តើមអំណាចរបស់យោធា ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ពលរដ្ឋមីយ៉ាន់ម៉ាម្នាក់ ដែលចូលរួមក្នុងសកម្មភាពតវ៉ាខាងលើ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP យ៉ាងដូច្នេះថា «យើងនឹងបន្តប្រឹងប្រែងដើរឆ្ពោះទៅមុខ ហើយបន្តទាមទាររហូតទាល់តែយើងទទួលបានលទ្ធិប្រជាធិបតេយ្យមកវិញ... បរាជ័យរបបយោធាផ្តាច់ការ» ។ ចលនាបាតុកម្មនេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ ជាមួយវត្តមានប្រជាជនមីយ៉ាន់រាប់ពាន់នាក់ បន្ទាប់ពីរដ្ឋប្រហារយោធា បានផ្ទុះឡើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយពួកគេក៏បានទាមទារឲ្យដោះលែង លោកស្រី ស៊ូជី ផងដែរ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ាខាងលើកើតមានឡើង តបតាមការអំពាវនាវរបស់ គណបក្សសម្ព័ន្ធជាតិដើម្បីប្រធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ដែលជំរុញឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារដោយយោធា និងចំពេលរដ្ឋាភិបាលថ្មីរបស់យោធា បានបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានាដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថេរភាពជាតិ។

យោធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការលោក មីន អោង ហ្លេង បានសម្រេចធ្វើរដ្ឋប្រហារយ៉ាងដូច្នេះ ដោយអះអាងថា ជាវាការឆ្លើយតបទៅនឹងការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលខ្លួនចាត់ទុកជាការបោះឆ្នោតមានការលួចបន្លំ ខណៈលទ្ធផលនៃការបោះឆ្នោតនោះ បានបង្ហាញថា គណបក្សលោកស្រី ស៊ូជី ជាអ្នកឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។

ក្រោយរដ្ឋប្រហារដែលបានរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ យោធាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយប្រគល់អំណាចគ្រប់យ៉ាងលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង ព្រមទាំងសន្យាថា នឹងរៀបចំការបោះឆ្នោតសកលថ្មីមួយដោយសេរី និងយុត្តិធម៌ នៅក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន។ ទោះជាយ៉ាងណា កាលបរិច្ឆេទជាក់លាក់នៃការរៀបចំការបោះឆ្នោតនោះ នៅមិនទាន់មានការបញ្ជាក់ឡើយ៕