(ហ្សាការតា)៖ ទឹកជំនន់ក្នុងភូមិមួយនៅឥណ្ឌូណេស៊ី បានប្រែពណ៌ទៅជាក្រហមដូចឈាម ព្រោះតែរោងចក្រជ្រលក់ក្រណាត់នៅតំបន់នោះ ក៏ត្រូវបានទឹកជន់លិចនៅថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខណៈហេតុការណ៍ដ៏គួរឲ្យចាប់អារម្មណ៍ផង និងខ្លាចផងក្នុងពេលតែមួយនេះ ត្រូវបានប្រជាជនឥណ្ឌូណេស៊ីថត និងបង្ហោះពាសពេញបណ្តាញសង្គមដូចជា Facebook និង Twitter ជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ភូមិមួយនៅក្នុងតំបន់ ផេកាឡុងហ្គាន (Pekalongan) ភាគកណ្តាលខេត្តជ្វា ត្រូវបានទឹកជំនន់មានពណ៌ក្រហមជន់លិច ហើយអ្នកលេងបណ្តាញសង្គមខ្លះ បានបញ្ចេញមតិយោបល់ថា វាហាក់បីដូចជាពួកគេពេលនេះ កំពុងមើលឃើញឈាមយ៉ាងដូច្នោះឯង។ ដោយឡែកអ្នកលេងបណ្តាញសង្គមផ្សេងទៀតបានភ័យខ្លាចថា រូបភាពទាំងអស់នេះ អាចធ្លាក់ទៅដល់ដៃជនទុច្ចរិត ហើយពួកគេអាចនឹងយកទៅបង្ហោះបន្ត ដើម្បីបន្លាចអ្នកទស្សនាដែលមិនបានដឹងការពិត។
គួរបញ្ជាក់ថា តំបន់ Pekalongan មានភាពល្បីល្បាញខ្លាំងខាងផលិត និងជ្រលក់ក្រណាត់ (batik) នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ រោងចក្រនានានៅក្នុងតំបន់នេះមានបទពិសោធន៍ នៅក្នុងការលាយពណ៌ និងគូសវាសទឹកថ្នាំលើក្រណាត់ចេញជារូបភាពស្រស់ស្អាត តាមបែបប្រពៃណីឥណ្ឌូណេស៊ី។ អាជ្ញាធរនៅតំបន់កើតហេតុបានបញ្ជាក់ថា ទឹកជំនន់បានជន់លិចឃ្លាំងស្តុកទឹកថ្នាំជ្រលក់ក្រណាត់ ទើបបានជាបណ្តាលឲ្យវាសាយភាយទឹកពណ៌ ពាសពេញតំបន់រងគ្រោះទឹកជំនន់នោះតែម្តង។ មិនមានការបញ្ជាក់ថា តើទឹកថ្នាំនោះអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សក្នុងកម្រិតណានៅឡើយទេ ប៉ុន្តែបរិស្ថាននៅក្នុងតំបន់អាចនឹងរងផលប៉ះពាល់ ក្រោយទឹកស្រកទៅវិញ៕