(សិង្ហបុរី)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានបង្ហាញការគាំទ្រចំពោះសិទ្ធិនៃប្រជាជនមីយ៉ាន់ម៉ា ក្នុងការធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី ដើម្បីសម្ដែងការជំទាស់ទៅនឹងរដ្ឋប្រហារយោធា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានបណ្ដេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតចេញពីអំណាច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។
តាមរយៈបទសម្ភាសន៍ផ្ដាច់មុខជាមួយ CNA តាមប្រព័ន្ធអនឡាញ នៅថ្ងៃសៅរ៍នេះ លោក Guterres បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋប្រហារគឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត នៅក្នុងពិភពលោកសម័យទំនើបនេះ ហើយខ្ញុំប្រឆាំង និងថ្កោលទោសរដ្ឋប្រហារ»។ ប្រមុខ UN រូបនេះបានបន្ថែមទៀតថា លោកសូមផ្ដល់អនុសាសន៍ឱ្យប្រជាជនមីយ៉ាន់ម៉ា ប្រឆាំងភាពអយុត្តិធម៌ ឬរដ្ឋប្រហារ តែគួរតែធ្វើវាដោយសន្តិវិធី។
គួរបញ្ជាក់ថា ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់នៅថ្ងៃសៅរ៍នេះ បាននាំគ្នាចុះតាមដងផ្លូវដើម្បីធ្វើបាតុកម្មតវ៉ា នៅក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីថ្កោលទោសរដ្ឋប្រហារ និងទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញជាបន្ទាន់។
បាតុកម្មតវ៉ានេះ កើតមានឡើងតបតាមការអំពាវនាវរបស់ គណបក្សសម្ព័ន្ធជាតិដើម្បីប្រធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ដែលជំរុញឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារដោយយោធា និងចំពេលដែលរដ្ឋាភិបាលថ្មីរបស់យោធា កំពុងចាត់វិធានការរឹតត្បិតលើប្រព័ន្ធអ៉ិនធើណិត តាមរយៈការបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានា ដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថិរភាពជាតិ៕